ចង់ទៅរៀននៅបរទេសត្រូវម៉ាច់! សាកលវិទ្យាល័យល្បីនៅអាមេរិក Stanford ប្រកាសផ្ដល់អាហារូបករណ៍ ១០០ កន្លែង
សាកលវិទ្យាល័យ Stanford University នៅសហរដ្ឋអាមេរិក បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា និង បរទេស ចំនួន ១០០ កន្លែងក្នុងឆ្នាំសិក្សា ២០២៣ នេះ។
យោងតាមហ្វេសប៊ុកផេកផ្លូវការ Scholarship for Cambodia បានប្រកាសថា សាកលវិទ្យាល័យ Stanford University នៃសហរដ្ឋអាមេរិក ដែលជាសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យ QS ពិភពលោកបានប្រកាសផ្ដល់អាហារូបករណ៍ពិសេសតម្លៃ ៣០០ ០០០ ដុល្លារចំនួន ១០០ កន្លែង ក្រោមកម្មវិធី Knight-Hennessy Scholars ។
ជាក់ស្ដែង សាកលវិទ្យាល័យ Stanford នឹងផ្ដល់អាហារូបករណ៍ដល់សិស្សទៅលើមុខជំនាញមួយចំនួនដូចជា ច្បាប់, វេជ្ជសាស្រ្ត, ពាណិជ្ជកម្ម, សេដ្ឋកិច្ច, ទំនាក់ទំនងអន្តរជាតិ, វិទ្យាសាស្រ្តនយោបាយ, ការអប់រំ, សិល្បៈ, វិទ្យាសាស្រ្តកុំព្យូទ័រ, វិស្វកម្ម, បច្ចេកវិទ្យា, វិទ្យាសាស្រ្ត …។ល។
យ៉ាងណាមិញ សម្រាប់អត្ថប្រយោជន៍ ដែលសិស្សទទួលបានមានដូចជា ៖ ថ្លៃសិក្សាពេញរហូតដល់ ៣ ឆ្នាំនៃការអប់រំ បញ្ចប់ការសិក្សា លើសពីនេះនៅមានប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់ការចំណាយលើការរស់នៅ និង ការសិក្សា ប្រាក់ឧបត្ថម្ភធ្វើដំណើរ ប្រទេសដើមកំណើត-សហរដ្ឋអាមេរិក ជាដើម។
គួរបញ្ជាក់ដែរថា សម្រាប់ការទទួលពាក្យសុំអាហារូបករណ៍នឹងផុតកំណត់នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ហើយសម្រាប់ការដាក់ពាក្យ និង ព័ត៌មានផ្សេងៗអាចចូលទៅក្នុងគេហទំព័រ https://knight-hennessy.stanford.edu/admission ឬ https://knight-hennessy.stanford.edu/program-overview?mibextid=Zxz2cZ ៕