(វីដេអូ) គួរឱ្យសរសើរ! អ្នកគ្រូសិល្បៈនៅ NIE ម្នាក់ ច្រៀងបទ «នគររាជ» លើកដាក់សំឡេងយ៉ាងពីរោះគ្រលួច ស្ដាប់ឡើងព្រឺសម្បុរ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម Tiktok នាពេលថ្មីៗនេះ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង សម្ដែងក្ដីស្ងើចសរសើរចំពោះទេព្យកោសល្យដ៏អស្ចារ្យរបស់អ្នកគ្រូសិល្បៈមួយរូប ច្រៀងបទនគររាជ (បទគោរពទង់ជាតិ) យ៉ាងពីរោះរណ្ដំ ធ្វើឱ្យអ្នកបានស្ដាប់ហើយចង់ស្ដាប់ទៀត រហូតដល់ផ្ទុះល្បីក្នុង Tiktok មានអ្នកមើលមិនចេះតិច។
វីដេអូដែលកំពុងផ្ទុះការចាប់អារម្មណ៍ខាងលើ ត្រូវបានបង្ហោះដោយគណនី Tiktok មួយដែលមានឈ្មោះ Bora ដោយបង្ហាញពីសកម្មភាពអ្នកគ្រូច្រៀងបទនគររាជផ្ទាល់ៗ នៅចំពោះមុខកូនសិស្ស ភ្ជាប់ជាមួយសារបែបនេះថា ៖ «ខ្ញុំសូមសរសើរគោរពដោយស្មោះត្រង់ និង សម្តែងការស្រឡាញ់ចំពោះអ្នកគ្រូសិល្បៈនៃវិទ្យាស្ថានជាតិអប់រំ ពីខ្ញុំគរុនិស្សិតថ្នាក់គណិតវិទ្យាបរិញ្ញាបត្របូក ២»។
តាមរយៈវីដេអូដ៏គួរឱ្យចាប់អារម្មណ៍នេះ បានទាក់ចិត្តឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចូលបញ្ចេញមតិព្រោងព្រាត ស្ងើចសរសើរមិនដាច់ពីមាត់នូវទឹកដមសំឡេងដ៏ក្រអួនក្រអៅរបស់អ្នកគ្រូ ដែលអន្ទងសោតាអ្នកស្ដាប់ឱ្យព្រឺសម្បុរស្ទើរមិនគួរឱ្យជឿ៕