វៀតណាមប្រកាសថា ប្រទេសនឹងទទួលរងការវាយប្រហារពីកម្ដៅកើនឡើងម្ដងទៀត ចាប់ពីថ្ងៃនេះដល់ដើមខែក្រោយ
សារព័ត៌មាន VN Express នាពេលថ្មីៗនេះបានចុះផ្សាយថា ចាប់ពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ នេះតទៅ ប្រទេសវៀតណាមនឹងជួបប្រទះបញ្ហាការកើនឡើងកម្ដៅជាថ្មីម្ដងទៀត។
យោងតាមការចុះផ្សាយបានឱ្យដឹងថា នៅតំបន់ភាគខាងជើង និង តំបន់កណ្ដាលនៃប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ នេះទៅ នឹងមានការកើនឡើងនៃកម្ដៅដល់ ៣៨ អង្សាសេ ខណៈដែលកាលពីសប្ដាហ៍មុនសីតុណ្ហភាពនៅតំបន់ភាគខាងជើង ហាក់មានថយចុះខ្លះមិនសូវក្ដៅខ្លាំង។
បើតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៩ នេះតទៅ តំបន់ Lai Chau, Dien Bien, Son La, Hoa Binh និង តំបន់មួយចំនួននៅភាគខាងជើងនឹងចាប់ផ្ដើមមានសម្ពាធទាប ដោយរួមបញ្ចូលទាំងទីក្រុងហាណូយ ដែលនឹងមានកម្ដៅឡើងពី ៣៥ ដល់ ៣៧ អង្សាសេ។
មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលបានលើកឡើងទៀតថា កម្ដៅនឹងបន្តកើនឡើងរហូតដល់ចុងសប្ដាហ៍នេះ ហើយនៅថ្ងៃទី ៣១ និង ថ្ងៃទី ១ ខែមិថុនាខាងមុខ ត្រូវបានចាត់ទុកថាជាថ្ងៃដែលក្ដៅបំផុត ខណៈដែលសេវាព្យាករណ៍អាកាសធាតុរបស់អាមេរិក (AccuWeather) បានប្រកាសថា សីតុណ្ហភាពនៅទីក្រុងហាណូយ នៅថ្ងៃទី ២៩ និង ថ្ងៃទី ៣០ នេះ នឹងមានកម្រិត ២៧ ដល់ ៣៦ អង្សាសេ ហើយនឹងឡើងដល់ ៣៧ អង្សាសេ ចាប់ពីថ្ងៃទី ៣១ ទៅ។ ចំណែកឯនៅតំបន់ដូចជា Sa Pa ក្នុងខេត្ត Lao Cai សីតុណ្ហភាព នឹងមានកម្រិត ២៨ អង្សាសេ រហូតដល់ចុងសប្ដាហ៍ចុះសល់ត្រឹម ២៣ អង្សាសេ និង ពេលយប់សីតុណ្ហភាព នឹងមានចន្លោះពី ១៧ ដល់ ១៩ អង្សាសេ។
ដោយឡែក នៅតាមតំបន់ភាគកណ្ដាលនៃប្រទេសវៀតណាម សីតុណ្ហភាពនឹងចាប់ផ្ដើមក្ដៅពីថ្ងៃទី ២៩ ខែឧសភា នេះតទៅ ដោយក្នុងពេលថ្ងៃសីតុណ្ហភាពគឺចន្លោះពី ៣៥ ដល់ ៣៨ អង្សាសេ ហើយរលកកម្ដៅនេះនឹងបន្តកើនឡើងរហូតដល់ចុងសប្ដាហ៍នេះ។ ចំណែកឯតំបន់ភាគខាងត្បូង និង តំបន់មួយចំនួនទៀត មជ្ឈមណ្ដលព្យាករណ៍អាកាសធាតុបានបញ្ជាក់ថា អាចនឹងមានទឹកជំនន់ ដោយសារតែឥទ្ធិពលនៃខ្យល់មូសុង នាំយកទឹកភ្លៀងមកជាមួយ ហើយសីតុណ្ហភាពនៅតំបន់ខ្ពង់រាបកណ្ដាល នឹងមានប្រមាណជា ៣២ អង្សាសេ ហើយ ៣៤ អង្សាសេសម្រាប់តំបន់ភាគខាងត្បូង។
គួរដឹងដែរថា នៅក្នុងខែនេះសីតុណ្ហភាពក្នុងប្រទេសវៀតណាម បានកើនឡើងពី ០.៥ ដល់ ១ អង្សាសេ លើសពីសីតុណ្ហភាពជាមធ្យមរបស់ជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយអ្នកព្យាករណ៍បានបញ្ជាក់ថា នេះដោយសារតែឥទ្ធិពលនៃ El Nino ដែលអាចនឹងបណ្ដាលឱ្យមានកម្ដៅកើនឡើង ព្រមជាមួយនឹងព្យុះភ្លៀងតិចជាងមុននៅចន្លោះខែកក្កដា និង ខែសីហា៕
ប្រភព ៖ VN Express