អួលដើម-កពេញភូមិ! កូនក្រមុំអស់បុណ្យមុនថ្ងៃការ កូនកំលោះមិនផ្តាច់ពាក្យ ហើយសុំម្តាយធ្វើពិធីមង្គលការជាមួយរូបថតចំបុណ្យ ៧ ថ្ងៃ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកថៃ ក្រោយមានករណីពិធីមង្គលការកើតឡើងអំឡុងពេលរៀបចំពិធីបុណ្យសព ដោយកូនកំលោះជាមន្ត្រីប៉ូលិសរៀបការជាមួយរូបថតកូនក្រមុំដែលស្លាប់ទៅដោយសារជំងឺ។
ហេតុការណ៍មួយនេះ បានកើតឡើងនៅឯស្រុក Muang ខេត្ត Prachin Buri ដោយពិធីបុណ្យសពលាយមង្គលការនេះ ហាក់ធ្វើឱ្យអ្នកចូលរួមច្របូកច្របល់ថាគួររៀបចំខ្លួនបែបណា តែនៅពេលដឹងការពិតម្នាក់ៗបែរជារំជួលចិត្តខ្លាំងស្មានមិនដល់។
យោងតាមការរៀបរាប់របស់អ្នកស្រី Kesorn អាយុ ៥៨ ឆ្នាំ ដែលជាម្ដាយរបស់កូនក្រមុំបានរៀបរាប់ថា ៖ «កូនខ្ញុំនាងឈឺអស់ជាង ២ ខែហើយ ហើយទើបតែស្លាប់ទៅកាលពីថ្ងៃទី ២៤ ឧសភា កន្លងទៅនេះ។ លុះថ្ងៃទី ២៦ ខែឧសភា ខ្ញុំបានចូលប្រមូលរបស់ក្នុងបន្ទប់កូនស្រី ហើយក៏បានរកឃើញសៀវភៅកំណត់ហេតុរបស់នាង ដែលកត់ត្រាជាប្រចាំ»។
«ខ្ញុំបានអានកំណត់ហេតុនោះរហូតស្រក់ទឹកភ្នែក ដោយនាងបានសរសេររៀបរាប់ពីគម្រោងរៀបការរបស់ខ្លួនថាគួរធ្វើបែបណា រៀបចំឡើងយ៉ាងម៉េច ដោយនាងហាក់ទន្ទឹងរង់ចាំថ្ងៃនោះជាខ្លាំង។ លុះអានរួចខ្ញុំក៏បានយករឿងនេះមកពិភាក្សាជាមួយគ្រួសារគូដណ្ដឹងកូនខ្ញុំ ដែលបានភ្ជាប់ពាក្យជាមួយគ្នាអំឡុងខែមីនា ហើយគ្រោងរៀបការនៅខែកុម្ភៈ ឆ្នាំ ២០២៤»។
«ខ្ញុំមិនបានទាមទារឱ្យពួកគេបំពេញបំណងកូនខ្ញុំទេ ដោយខ្ញុំបានប្រាប់អនាគតគូដណ្ដឹងកូនខ្ញុំគាត់អាចផ្ដាច់ពាក្យ គ្រាន់តែសុំកុំភ្លេចនាង ហើយសុំរក្សាសៀវភៅកំណត់ហេតុនេះទុក តែពេលគាត់បានឮគាត់បែរជាប្រាប់ថានឹងរៀបការជាមួយកូនខ្ញុំ អំឡុងពេលរៀបចំពិធីបុណ្យ ៧ ថ្ងៃ។ ពួកយើងក៏បានហៅសាច់ញាតិមកចូលរួម ៥០ នាក់ ធ្វើឱ្យបរិយាកាសមានដោយស្នាមញញឹម និង ទឹកភ្នែក»។
ចំណែកកូនកំលោះឈ្មោះ Thirawudth អាយុ ២៧ ឆ្នាំ សុំមិននិយាយបកស្រាយលម្អិតពីហេតុផល ដោយបង្ហើបខ្លីៗថា ៖ «គាត់ខូចចិត្តខ្លាំង ព្រោះតែសល់មិនប៉ុន្មានខែទៀតដល់ថ្ងៃការ តែបែជាមិត្តស្រីធ្លាក់ខ្លួនឈឺ ហើយមានសោកនាដកម្មនេះកើតឡើង តែគាត់នៅតែស្រឡាញ់នាងខ្លាំងពេញបេះដូង ហើយនាងនៅតែជាភរិយារបស់គាត់»៕