ទើបមានទឹកធម្មតាវិញ សុខៗទឹកប្រឡាយក្នុង Venice នៅអ៊ីតាលី បែរជាប្រែពណ៌បៃតងយ៉ាងចម្លែក
ក្រុង Venice ប្រទេសអ៊ីតាលី បានបើកការស៊ើបអង្កេតភ្លាមៗ ក្រោយទឹកប្រឡាយ Grand Canal លេចចេញពណ៌បៃតងចម្លែក ដោយការសង្ស័យដំបូងថាជាស្នាដៃក្រុមសកម្មជនបរិស្ថាន។
បើតាមការបង្ហោះរបស់មេដឹកនាំតំបន់ Veneto លើគណនី Twitter កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅបានឱ្យដឹងថា ៖ «ថ្ងៃនេះ ពលរដ្ឋរស់នៅក្បែរស្ពាន Rialto បានរាយការណ៍ថា មានសារធាតុពណ៌បៃតងចម្លែកលេចឡើងពាសពេញទឹកប្រឡាយ Grand Canal។ អ្នកដឹកនាំប្រចាំតំបន់ ក៏បានបើកការប្រជុំជាបន្ទាន់ជាមួយប៉ូលិស ដើម្បីស៊ើបអង្កេតរកប្រភពនៃសារធាតុនោះ»។
ជាមួយគ្នានេះដែរ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់ បានឱ្យដឹងដែរថា រូបលោកបានយកសំណាកទឹកពីប្រឡាយ Grand Canal ឆែកមើលវីដេអូពីកាមេរ៉ាសុវត្ថិភាព និង សាកសួរអ្នកចែវទូកក្នុងតំបន់ ប្រសិនបើពួកគេបានប្រទះឃើញអ្វីមិនស្រួល។
គួររំឭកផងដែរថា កាលពីប៉ុន្មានខែមុន ប្រឡាយទឹកដ៏ល្បីនាក្រុង Venice ប្រទេសអ៊ីតាលីនេះ បានជួបបញ្ហារីងស្ងួតសឹងដល់បាត ដោយអាចបណ្ដាលមកពីកត្តាអាកាសធាតុ៕