ក្ដៅៗ! ក្រសួងក្រើនរំឭកឱ្យប្រយ័ត្នកូវីដ-១៩ ពពួក Omicron XBB.1.5 ក្រោយពេទ្យមួយនៅថៃថាអស់គ្រែសម្រាប់ដាក់អ្នកកូវីដ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីក្រើនរំឭកជាថ្មី ឱ្យប្រុងប្រយ័ត្ន និង បន្តការពារការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ បានបង្ហាញថា ៖ មន្ទីរពេទ្យ Siriraj Piyamaharajkarun បានប្រកាសថា ខ្លួនមិនអាចទទួលយកអ្នកជំងឺកូវីដ-១៩ ទៀតទេ ដោយសារគ្រែទាំងអស់សម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរត្រូវបានដាក់អ្នកជំងឺកូវីដ-១៩ អស់ទាំងស្រុងហើយ។
ដូច្នេះ ក្រសួងសុខាភិបាល បានក្រើនរំឭកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ថា ៖ «ការកើនឡើងនូវករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និង នៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ ក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ៖ កូវីដ-១៩ នៅជាបញ្ហាសុខភាព ដែលបានកើតមានឡើងហើយ មិនមែនជាកង្វល់អន្តរជាតិទៀតទេ ប្រជាជនទូទៅលើសាកលលោក និង ក្នុងតំបន់ ហាក់ដូចជាមានការធ្វេសប្រហែសខ្លះៗផង សន្តិភាពនិយមពេកខ្លះៗផង និង មិនទៅចាក់វ៉ាក់សាំងដូសជំរុញភាពស៊ាំ ដែលបាន ធ្លាក់ចុះជាបណ្តើរៗផង ធ្វើឱ្យវីរុសនេះ មានឱកាសវាយលុកឡើងវិញបាន ប្រហែលមកពីការយល់ច្រឡំថា វិបត្តិកូវីដ-១៩ បានបញ្ចប់ហើយ តែតាមការពិតវាមិនទាន់ចប់នៅឡើយទេ»។
ក្រសួងបានបន្តថា ៖ យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អ រៀងៗខ្លួន និង ទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗ។ យើងមិនដឹងថា នឹងមានការបំប្លែង វីរុសកូវីដ-១៩ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗទៀត ក្លាយជាមេរោគថ្មីសន្លាងមួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗ និង ធ្ងន់ធ្ងរជាងពេលមុនៗនោះ តើពិភពលោកនឹងអាចកើតមានជាវិបត្តិធ្ងន់ធ្ងរទៀតដែរទេ? តែមានការអំពាវនាវរួចហើយថា យើងត្រូវតែបន្តការពារ និង ត្រៀម លក្ខណ:ជាមុននៅលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗនាពេលខាងមុខ (New pandemic)៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖