(វីដេអូ) មន្រ្តីធំឥណ្ឌាម្នាក់ត្រូវព្យួរការងារ ក្រោយបញ្ជាឱ្យគេបូមទឹកពីទំនប់ ដើម្បីរកទូរស័ព្ទតម្លៃ ១២០០ ដុល្លាររបស់ខ្លួនដែលធ្លាក់ចូលទឹក
សារព័ត៌មាន BBC នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ នេះបានចុះផ្សាយថា មន្ត្រីរដ្ឋាភិបាលម្នាក់ក្នុងប្រទេសឥណ្ឌាត្រូវបានព្យួរការងារ ក្រោយពីលោកបានបញ្ជាឱ្យបូមទឹកចេញពីទំនប់រយៈពេល ៣ ថ្ងៃ ដើម្បីយកទូរស័ព្ទរបស់លោក ដែលបានធ្លាក់ចូលទឹកមកវិញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា លោក Rajesh Vishwas ដែលជាមន្ត្រីត្រួតពិនិត្យចំណីអាហារ ត្រូវបានព្យួរការងារចោល ក្រោយពីលោកបានបញ្ជាគេឱ្យបូមទឹករាប់លីត្រចេញពីទំនប់ ដោយការបូមទឹកចេញពីទំនប់ទឹកកើតឡើង ក្រោយពេលដែលលោកបានធ្វើឱ្យធ្លាក់ទូរស័ព្ទដៃរបស់លោកចូលទៅក្នុងទឹកនោះ ខណៈដែលលោកកំពុងថតរូបស៊ែសហ្វី។
លោក Rajesh Vishwas បានធ្វើឱ្យរបូតទូរស័ព្ទដៃធ្លាក់ចូលទឹកពេលដែលកំពុងថតរូបស៊ែលហ្វី ហើយក៏បានប្រើឱ្យអ្នកមុជទឹកចុះរាវរកទូរស័ព្ទនោះ ប៉ុន្តែរកមិនឃើញ ទើបលោកជួលគេឱ្យប្រើម៉ាស៊ីនបូមទឹកចេញ ដោយលោកអះអាងថា ទូរស័ព្ទដៃរបស់លោកមានតម្លៃ ១២០០ ដុល្លារ និង មានផ្ទុកឯកសាររបស់រដ្ឋាភិបាល ទើបត្រូវតែរកឱ្យឃើញ តែក៏ត្រូវរដ្ឋាភិបាលឥណ្ឌា ព្យួរការងារក្រោមហេតុផលថា ប្រើតួនាទីមិនត្រឹមត្រូវ។
យ៉ាងណាមិញ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា លោក Vishwas បាននិយាយថា ទូរស័ព្ទ Samsung របស់លោកមានតម្លៃប្រហែល ១២០០ ដុល្លារបានធ្លាក់ចូលទៅក្នុងទំនប់ទឹក Kherkatta ក្នុងរដ្ឋ Chhattisgarh ភាគកណ្តាលនៃប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ ហើយដោយមានការអនុញ្ញាតដោយផ្ទាល់ពីមន្ត្រីម្នាក់ឱ្យបង្ហូរទឹកខ្លះចូលប្រឡាយក្បែរនោះ ដើម្បីផ្ដល់ប្រយោជន៍ដល់កសិករមានទឹកប្រើប្រាស់ ទើបលោកជួលគេឱ្យបូមទឹកចេញ។
ម៉ាស៊ីនបូមទឹកនោះ បានដំណើរការអស់រយៈពេលជាច្រើនថ្ងៃ ដោយបានបូមទឹកចេញប្រមាណជា ២ លានលីត្រ និង តាមសេចក្តីរាយការណ៍ ទឹកនោះគឺគ្រប់គ្រាន់សម្រាប់ស្រោចស្រពលើផ្ទៃដីស្រែចំនួន ៦០០ ហិកតា ហើយពេលដែលមន្ត្រីខាងមន្ទីរធនធានទឹកបានទៅដល់ក្រោយពីមានបណ្តឹងពីពលរដ្ ឋសកម្មភាពបូមទឹកនោះក៏បានបញ្ឈប់ទៅ។
ទន្ទឹមនឹងនេះ លោក Priyanka Shukla មន្ត្រីស្រុក Kanker បានប្រាប់អ្នកសារព័ត៌មានថា ៖ «លោក Vishwas ត្រូវបានព្យួរការងាររហូតដល់ការស៊ើបអង្កេតបញ្ចប់ ព្រោះទឹកជាធនធានដ៏សំខាន់ ហើយវាមិនអាចត្រូវបានប្រើខ្ជះខ្ជាយដូចនេះទេ» ប៉ុន្តែលោក Vishwas បានបដិសេធ ចំពោះការចោទ ដែលថាលោកប្រើប្រាស់តួនាទីខុសនោះថា ទឹកដែលលោកបានបង្ហូរចេញ គឺមកពីផ្នែក ដែលហៀរចេញនៃទំនប់នោះ ហើយមិនមែនជាទឹកប្រើប្រាស់ទេ៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ BBC