កូរ៉េខាងជើង កាត់ទោសក្មេងអាយុ ២ ឆ្នាំ ឱ្យជាប់គុកមួយជីវិត ដោយសារឪពុកម្ដាយមានព្រះគម្ពីក្នុងផ្ទះ
ប្រទេសកូរ៉េខាងជើង បានកាត់ទោសក្មេងតូចអាយុ ២ ឆ្នាំ ឱ្យជាប់ពន្ធនាគារមួយជីវិត ក្រោយរកឃើញថាឪពុកម្ដាយរបស់ក្មេងនោះ មានគម្ពីសាសនាគ្រិស្តក្នុងផ្ទះ។
រឿងរ៉ាវដ៏រន្ធត់ និង ភ្ញាក់ផ្អើលនេះ ត្រូវបានទម្លាយដោយរបាយការណ៍សេរីភាពសាសនាអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ តាមរបាយការណ៍បានអះអាងថា ក្មេងតូចអាយុ ២ ឆ្នាំ និង ក្រុមគ្រួសារគេទាំងមូល ត្រូវបានជាប់ឃុំ ដោយសារតែជំនឿសាសនា ប្រាសចាកច្បាប់ក្នុងប្រទេស។
គួរឱ្យដឹងថា នេះមិនមែនជាលើកទី ១ ទេ ដែលអ្នកមានជំនឿសាសនាត្រូវបានកាត់ទោសនោះ ជាក់ស្ដែងករណីផ្សេងៗទៀត ពលរដ្ឋកូរ៉េខាងជើងដែលត្រូវបានសម្លាប់ដោយសារកាន់គ្រិស្តសាសនា ក៏ត្រូវបានបញ្ជាក់ក្នុងរបាយការណ៍ផងដែរ រួមមានទាំងការប្រហារជីវិតដោយការបាញ់សម្លាប់ទៅលើស្ត្រីម្នាក់ និង ចៅរបស់នាងក្នុងឆ្នាំ ២០១១។
ក្រៅពីករណីខាងលើនេះ ក៏មានករណីធ្វើទារុណកម្មលើគ្រិស្តសាសនិកផងដែរ ដូចជាការចងស្លាបសេក មិនអាចអង្គុយ ឬ ឈរ បានស្រួលរាប់ថ្ងៃ ការធ្វើទារុណកម្មមិនឱ្យដេក ការបង្អត់អាហារ បង្អត់ទឹក និង ការធ្វើទារុណកម្មលើរូបរាងកាយជាដើម។
គួរបញ្ជាក់ថា របាយការណ៍នេះ បានសង្ខេបការរុករកឃើញរបស់បណ្ដាអង្គការក្រៅរដ្ឋាភិបាល (NGOs) ក្រុមសិទ្ធិមនុស្ស និង អង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីជីវិតរបស់គ្រិស្តសាសនិកដែលរស់នៅក្នុងប្រទេសនោះ ដោយពួកគេបានប៉ាន់ប្រមាណថា មានគ្រិស្តសាសនិករហូតដល់ ៧ ម៉ឺននាក់ ដែលត្រូវបានជាប់ឃុំឃាំង ក្រោមរបបរបស់លោក គីម ជុងអ៊ុន៕