កំពូលប្ដី! ខឹងអត់និយាយរកប្រពន្ធ ៣ ឆ្នាំ តែមិនព្រមលែងលះ សុខចិត្តសរសេរពេលចង់ឆ្លើយឆ្លងគ្នា
ជីវិតអាពាហ៍ពិពាហ៍ដ៏ចម្លែកមួយរបស់គូស្វាមីភរិយាជនជាតិជប៉ុនមួយគូ ហាក់កំពុងធ្វើឱ្យមហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គម Twitter ចាប់អារម្មណ៍ជាខ្លាំង ព្រោះតែបុរសជាស្វាមី មិនស្ដីមាត់ក រកប្រពន្ធអស់ជាង ៣ ឆ្នាំទៅហើយ តែមិនព្រមលែងលះ ដោយសុខចិត្តសរសេរអក្សរលើក្រដាពេលដែលចង់ឆ្លើយឆ្លងគ្នា។
ស្ត្រីជាភរិយាដែលមានឈ្មោះថា Aoi បានរៀបរាប់ថា ៖ «ខ្ញុំ និង ស្វាមីបានរៀបការជាមួយគ្នា ១៩ ឆ្នាំហើយ ដោយជីវិតអាពាហ៍ពិពាហ៍របស់យើងគ្រាដើមគឺល្អូកល្អើន និង រីករាយណាស់ ប៉ុន្ដែពួកយើងមិនមានកូននោះឡើយ។ ស្វាមីខ្ញុំមានទម្លាប់អាក្រក់មួយដែលរំខានខ្ញុំជាខ្លាំង គឺនៅពេលដែលខឹងគឺគាត់តែងតែព្រងើយកន្តើយ ហើយមិននិយាយរកខ្ញុំ មិនថាខ្ញុំព្យាយាមសុំទោស ឬអង្វរករយ៉ាងណា»។
«៣ ឆ្នាំ ចុងក្រោយនេះ គឺគាត់មិននិយាយរកខ្ញុំសូម្បីតែមួយម៉ាត់ បន្ទាប់ពីយើងបានឈ្លោះគ្នា តែគាត់ហាក់មិនព្រមទន់ចិត្តត្រូវរ៉ូវគ្នាវិញសោះ បើទោះបីជាខ្ញុំព្យាយាមផ្សះផ្សាជាច្រើនលើកច្រើនសារក៏ដោយ។ ដោយអស់ចិត្តនឹងព្យាយាម ខ្ញុំក៏សម្រេចចិត្តថាលែងលួង ទុកឱ្យខឹងបែបនេះ ហើយវាក៏បន្តមករហូត ៣ ឆ្នាំ»។
«យើងលែងនិយាយរកគ្នា ៣ ឆ្នាំ ដោយរស់នៅក្រោមដំបូលតែមួយគេងលើគ្រែជាមួយគ្នាពិតមែន ប៉ុន្ដែមិនមានអ្នកណាចង់លែងលះនោះឡើយ ហើយពេលចង់និយាយគ្នាគឺសរសេរណូតក្រដាសទុក រហូតវាក្លាយជាទម្លាប់។ ខ្ញុំគិតថាគាត់នៅស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏នៅស្រឡាញ់គាត់ ហើយពួកយើងសុទ្ធតែចង់រក្សាចំណងអាពាហ៍ពិពាហ៍នេះ តែខ្ញុំមិនដឹងទេថាថ្ងៃណាគាត់នឹងព្រមនិយាយរកខ្ញុំវិញនោះ»៕