ម្ចាស់ឡានទំនើបបើកកៀរគេឯងថ្ងៃមុនថាព្រោះខឹងទើបបើកបរដូច្នេះ ពេលនេះសារភាពកំហុសធ្វើកិច្ចសន្យានឹងប៉ូលិសឈប់បើកបែបនេះទៀតហើយ
ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ បានចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងបុរសម្នាក់ឈ្មោះ ទួន បញ្ញាឧត្តម ដែលបានបើកបររថយន្តបង្កបាតុភាពតាមដងផ្លូវសាធារណៈ ២ កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ១៤:១០ នាទីរសៀល និង ម៉ោង ២១:០០ នាទីយប់ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ កន្លងមកនេះ។
បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមទាក់ទងទៅនឹងករណីរថយន្តម៉ាក MAZDA ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BG-0265 បើកបរបង្កបាតុភាពតាមដងផ្លូវសាធារណៈភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការកោះហៅអ្នកបើកបរល្មើស ឈ្មោះ ទួន បញ្ញាឧត្តម ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរលក់រថយន្ត ឱ្យចូលខ្លួនមកបកស្រាយបំភ្លឺករណីខាងលើ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្រោយពីធ្វើការសាកសួររួច អ្នកបើកបរល្មើសខាងលើបានសារភាពទទួលកំហុស ថាដោយសារមានការខឹងទើបខ្លួនបើកបរដូច្នេះ។ ដោយមានការសារភាពកំហុស និង ធានាពីឪពុក សមត្ថកិច្ចបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យាដោយឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃដែលធ្វើដំណើរតាមដងផ្លូវ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ