មិនធម្មតា! នាឡិកាដៃ របស់អធិរាជចុងក្រោយនៃរាជវង្ស Qing ត្រូវដាក់ដេញថ្លៃក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មាន
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នេះសារព័ត៌មាន CNA បានចុះផ្សាយថា នាឡិកា ដែលជាកម្មសិទ្ធិរបស់អធិរាជចុងក្រោយបង្អស់នៃរាជវង្ស Qing របស់ប្រទេសចិន និង ដែលខ្សែជីវិតរបស់ទ្រង់បានបង្កើតជាខ្សែភាពយន្តឈ្នះពានរង្វាន់អូស្ការ «The Last Emperor» ត្រូវបានដាក់លក់ក្នុងតម្លៃ ៥.១ លានដុល្លារអាមេរិក នៅក្នុងការដេញថ្លៃហុងកុង កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ។
ជាមួយគ្នានេះដែរ លោក Thomas Perazzi ដែលជាប្រធានផ្នែកនាឡិកានៅក្រុមហ៊ុនដេញថ្លៃ Phillips Asia បានលើកឡើងថា «នេះគឺជាលទ្ធផលទទួលបានដល់ខ្ពស់បំផុតមួយរបស់ស្ដេច» ប៉ុន្តែតម្លៃនៃនាឡិកានេះមិនបានបូកបញ្ចូលទាំងថ្លៃឈ្នួលនៃទីតាំងសម្រាប់ដេញថ្លៃទេ។ យ៉ាងណាមិញ នាឡិកានេះត្រូវបានគេស្គាល់ថាជា ម៉ាក Patek Philippe ដែលជាម៉ាកកម្រ ជាកម្មសិទ្ធរបស់អធិរាជ Aisin-Gioro Puyi និង ជានាឡិកាមួយក្នុងចំណោមនាឡិកាម៉ាក Patek Philippe Reference 96 Quantieme Lune ដែលគេដឹងថា មានតែ ៨ គ្រឿងប៉ុណ្ណោះ។
អ្វីដែលពិសេសនោះគឺ នាឡិកាផ្សេងទៀត ដែលជាកម្មសិទ្ធិរបស់អធិរាជផ្សេងៗក៏ត្រូវបានលក់ដេញថ្លៃដែរ ប៉ុន្តែមិនទទួលបានតម្លៃខ្ពស់ដូចនាឡិការបស់អធិរាជចុងក្រោយនៃរាជវង្ស Qing ទេដូចជា នាឡិកា Patek Philippe ដែលជាកម្មសិទ្ធិរបស់អធិរាជអេត្យូពី ចុងក្រោយគឺ Haile Selassie បានលក់ក្នុងតម្លៃត្រឹមតែ ២.៩ លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំ ២០១៧ ខណៈដែលក្នុងឆ្នាំដដែលនាឡិកាម៉ាក Rolex ជាកម្មសិទ្ធិរបស់អធិរាជចុងក្រោយនៃប្រទេសវៀតណាម Bao Dai លក់បានតម្លៃ ៥ លានដុល្លារ។
មិនតែប៉ុណ្ណោះ ផ្ទះដេញថ្លៃក៏បានលើកឡើងដែរថា ខ្លួនបានចំណាយពេល ៣ ឆ្នាំសហការជាមួយអ្នកឯកទេសនាឡិកា ប្រវត្តិវិទូ អ្នកកាសែត និង អ្នកវិទ្យាសាស្ត្រ ដើម្បីស្រាវជ្រាវប្រវត្តិនាឡិកានេះ និង ផ្ទៀងផ្ទាត់ភស្តុតាងរបស់វា ទើបដឹងថានាឡិកានេះគឺជានាឡិកាល្អបំផុត ដែល Patek បានផលិតនៅពេលនោះ។
គួរដឹងដែរថា អធិរាជ Aisin-Gioro Puyi កើតនៅឆ្នាំ ១៩០៦ ជាអធិរាជចុងក្រោយនៃរាជវង្ស Qing របស់ប្រទេសចិន ដែលបានសោយរាជ្យនៅអាយុ ២ ឆ្នាំ ហើយក្រោយពីជប៉ុន បរាជ័យក្នុងសង្គ្រាមលោកលើកទី ២ នាឆ្នាំ ១៩៤៥ ទ្រង់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Shenyang របស់ប្រទេសចិន ដោយកងទ័ពក្រហមសូវៀត និង បានឃុំខ្លួនក្នុងនាមជាអ្នកទោសសង្គ្រាមអស់រយៈពេល ៥ ឆ្នាំ៕
ប្រភព ៖ CNA