ស្វាយចេញផ្លែធ្លាក់ដល់ដីមានកណ្ដៀរមកពូនដំបូក អ្នកភូមិនាំគ្នាមកអុជធូបថ្វាយបង្គុំសុំលេខឆ្នោតលាន់
មហាជនភាគច្រើនមុខជាបានដឹងហើយថា ប្រជាជនថៃភាគច្រើនគឺជឿលើរឿងអប្បិយជំនឿណាស់ ឱ្យតែមានអ្វីប្លែកគឺតែងតែបន់ស្រន់បួងសួងដើម្បីសុំក្ដីសុខ និង លេខឆ្នោត។ ជាក់ស្ដែងថ្មីៗនេះ នៅស្រុក Mueang Yasothon ខេត្ត Yasothon ប្រទេសថៃ មានផ្លែស្វាយមួយផ្លែដែលធ្លាក់ចុះសឹងដល់ដី ហើយមានសត្វកណ្ដៀរមកពូនដំបូកដែលប្លែកជាខ្លាំង។
ក្រោយឃើញផ្លែស្វាយនេះគួរឱ្យចាប់អារម្មណ៍ អ្នកភូមិនៅទីនោះក៏មិនហ៊ានបេះ ឬ បំផ្លាញដំបូកនោះឡើយ ដោយផ្ទុយទៅវិញនាំគ្នាយកផ្កា ធូប ទៀន មកអុជផ្សងសុំក្ដីសុខ សុំភាពសុខសប្បាយ ហើយនឹងសុំលេខឆ្នោត។
លោកយាយ Siufa បាននិយាយថា ៖ «កាលពីដើមខែឧសភា កន្លងទៅនេះ ខ្ញុំបានដើរកាត់ដើមស្វាយនេះ ហើយក៏ឃើញសត្វកណ្ដូបប៉ុន្មានក្បាលមកទុំលើស្វាយនេះ មុនវារីកធ្លាក់ជិតដល់ដី។ ថ្មីៗនេះ ពេលផ្លែវាកាន់តែធំស្រាប់តែឃើញមានដំបូកកណ្ដៀរមកព័ទ្ធផ្លែស្វាយ ដែលមើលទៅវាហាក់ជាអព្ភូតហេតុប្លែក ដែលតាំងពីកើតមកដល់វ័យ ៧៤ ឆ្នាំនេះ ខ្ញុំមិនដែលបានឃើញឡើយ។ ខ្ញុំជឿថាវាជាការនាំសំណាងចូលភូមិ ដោយខ្ញុំបានហៅមិត្តភក្ដិខ្ញុំម្នាក់មកអុជធូបសុំលេខសំណាង ហើយបានលេខ ០០២ និង លេខ ៨៦»៕