ព្រះតេជគុណ ហាក់ សៀងហៃ ថ្វាយបង្គំលាម្ចាស់គ្រូ សាន សុជា ជាមួយនឹងសង្ឃដីកា «សែនស្ដាយ»
ពុទ្ធបរិស័ទជិតឆ្ងាយ ក៏ដូចជាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដែលតែងតែគោរពស្រឡាញ់ ត្រង់ត្រាប់ស្ដាប់នូវឱវាទម្ចាស់គ្រូ សាន សុជា បានបង្ហាញអារម្មណ៍សោកស្ដាយ ហើយអ្នកខ្លះក៏មិនអស់ចិត្តនូវដំណឹង ម្ចាស់គ្រូសម្រេចចិត្តលាចាកសិក្ខាបទនៅប្រទេសអូស្ដ្រាលី នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣។
ដំណើរលាចាកពីព្រះនាមជាព្រះសង្ឃ ត្រឡប់មកប្រើជីវិតជាគ្រហស្ថវិញរបស់ម្ចាស់គ្រូ សាន សុជា មិនត្រឹមតែធ្វើឱ្យមហាជន ពុទ្ធបរិស័ទមានការភ្ញាក់ផ្អើល និង សម្ដែងការសោកស្ដាយជាខ្លាំងនោះទេ ក្នុងនោះគេឃើញព្រះតេជគុណ ហាក់ សៀងហៃ ក៏បានសម្ដែងក្ដីសោកស្ដាយនូវការបាត់បង់បញ្ញាវន្តសង្ឃដ៏ឆ្នើមមួយព្រះអង្គដែរ។
មុនពេលម្ចាស់គ្រូ សាន សុជា ធ្វើពិធីលាចាកសិក្ខាបទ ព្រះតេជគុណ ហាក់ សៀងហៃ ក៏បានក្រាបបង្គំទូលលាម្ចាស់គ្រូលើកចុងក្រោយតាមរយៈទូរស័ព្ទ ហើយក្នុងនោះ ព្រះតេជគុណ ហាក់ សៀងហៃ ក៏បានបង្ហាញសង្ឃដីកាសែនស្ដាយថា ៖ «បានថ្វាយបង្គំលាជាលើកចុងក្រោយពីចម្ងាយ (អាមេរិក-អូស្រ្តាលី) វេលាម៉ោង ១២:៣០ នាទីយប់ ម៉ោងនៅរដ្ឋចរចា ថ្ងៃទី ២១ ឧសភា ២០២៣ មុនពេលលោកម្ចាស់គ្រូ លាចាកសិក្ខាបទថ្ងៃនេះ។ ដីកាលោកម្ចាស់គ្រូ «កូរណាទៅមុនហើយ» សូមប្រគេនពរក្នុងដំណើរជីវិតថ្មី អ្វីៗសុទ្ធតែមិនទៀងមែនពិត។ សែនស្តាយមិនដឹងបរិយាយយ៉ាងណា លាចាកសិក្ខាបាត់បង់បញ្ញវន្តសង្ឃមួយអង្គទៀតហើយ។ រដ្ឋចរចា សហរដ្ឋ ថ្ងៃទី២១ ខែឧសភា ២៥៦៧/២០២៣»៕