
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រកាសយ៉ាងក្តៅគគុក ក្រោយមានការឆបោកតាម Telegram អស់ជាង ១០ ម៉ឺនដុល្លារ
នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ នេះ ហ្វេសប៊ុកផេកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ក្រោយពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះមួយចំនួនពាក់ព័ន្ធនឹងការលួចចូលគ្រប់គ្រងគណនីបណ្ដាញសង្គមតេឡេក្រាម (Telegram)។
យោងតាមសារបង្ហោះរបស់នាយកដ្ឋានបានឱ្យដឹងថា ថ្មីៗនេះមានករណីលួចចូលគ្រប់គ្រងបណ្ដាញសង្គម Telegram ឆបោកប្រាក់ ក្រោមរូបភាពប្ដូរប្រាក់ ទូទាត់ថ្លៃទំនិញ ឬ ខ្ចីប្រាក់ ឱ្យផ្ទេរតាមរយៈធនាគារ ទើបនាយកដ្ឋានបានសហការជាមួយនឹងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ស៊ើបអង្កេតលើករណីឆបោកប្រាក់ចំនួន ១៤៣ ៥៦០ ដុល្លារ (ដប់បួនម៉ឺនបីពាន់ប្រាំរយហុកសិប ដុល្លារ) រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យភេទប្រុសម្នាក់។
ទន្ទឹមនឹងនេះ នាយកដ្ឋានក៏បានដាស់តឿន ក្រើនរំឮកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់បណ្ដាញសង្គមផ្ទាល់ខ្លួន ដោយកុំផ្ដល់លេខសម្ងាត់សម្រាប់ចូលគណនីផ្សេងៗនៅពេលដែលមានការស្នើសុំតាមរយៈលេខទូរស័ព្ទ ឬ តាមរយៈសារដែលបានទទួល ព្រោះជនខិលខូចអាចបន្លំជាបុគ្គលិករបស់ក្រុមហ៊ុន ដើម្បីទាមទារលេខសម្ងាត់រួចចូលទៅគ្រប់គ្រងគណនីបណ្ដាញសង្គម។ ចំពោះគណនីធនាគារ សូមកុំលក់ ឬ ឱ្យអ្នកដទៃខ្ចី គ្រប់គ្រង និង ប្រើប្រាស់ ព្រោះវាអាចជាការទទួលផលនៃបទល្មើសជាយថាហេតុ ដែលបណ្ដាលឱ្យម្ចាស់គណនីធនាគារទទួលខុសត្រូវចំពោះមុខច្បាប់៕
រូបភាពដោយ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា