ផ្លែមង្ឃុតខ្ចីកំពុងត្រូវប៉ាន់ទីផ្សារនៅអាមេរិក មួយគីឡូតម្លៃជាង ១២០ ដុល្លារ
មួយរយៈក្រោយនេះ គេសង្កេតឃើញថាការយកផ្លែមង្ឃុតខ្ចីមកធ្វើម្ហូប បានក្លាយជាប្រធានបទដ៏ពេញនិយមលើប្រព័ន្ធអ៊ីនធឺណេត ជាពិសេសគឺនៅប្រទេសវៀតណាម និង ថៃតែម្ដង ដោយគេបានយកមង្ឃុតខ្ចីទាំងនោះទៅធ្វើម្ហូបចម្រុះមានតាំងពីញាំ ធ្វើអន្លក់ ឬ ជ្រលក់អំបិលញ៉ាំ ជាដើម។
តាមការចុះផ្សាយរបស់សារព័ត៌មាន VN Express បានឱ្យដឹងថា បច្ចុប្បន្ននេះ ផ្លែមង្ឃុតខ្ចីគឺកំពុងត្រូវប៉ាន់ទីផ្សារខ្លាំងនៅសហរដ្ឋអាមេរិក ដោយមួយគីឡូក្រាមតម្លៃដល់ជាង ១២០ ដុល្លារ ដោយមានមនុស្សជាច្រើនហាក់សម្រុកទិញ ទាំងដែលផ្លែឈើប្រភេទនេះមិនសូវមានសម្បូរក្នុងទីផ្សាររបស់អាមេរិកប៉ុន្មានឡើយ ភាគច្រើនគឺមានតែផ្លែទុំ។
នៅក្នុងក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ផ្លែមង្ឃុតខ្ចីដែលត្រូវបានគេបកសំបករួច គឺមានតម្លៃ ១៨២ ដុល្លារក្នុងទម្ងន់ ១.៥ គក។ ក្រៅពីមានតម្លៃថ្លៃនៅទីផ្សារអាមេរិក គេបានរកឃើញទៀតថាបច្ចុប្បន្ននៅកាណាដា មង្ឃុតខ្ចីគឺមានតម្លៃចាប់ពី ២៥ ទៅ ៦០ ដុល្លារ តាមប្រភេទផ្លែដែលមិនទាន់បក និង បករួច។
តាមការបញ្ជាក់បានឱ្យដឹងថា មូលហេតុដែលមង្ឃុតខ្ចី ទទួលបានតម្លៃខ្ពស់ជាងអាទុំ ព្រោះតែវាមានដំណើរការស្មុគស្មាញ សំបកវាគឺពិបាកបកជាង ហើយត្រូវថែរក្សាដោយប្រុងប្រយ័ត្ន ព្រោះផ្លែវាអាចនឹងប្រែពណ៌ជាំខ្មៅ ទន់ និង បាត់បង់ភាពស្រស់យ៉ាងឆាប់រហ័ស៕