ចូលរដូវវស្សាភ្លាម ថៃព្រមានឱ្យពលរដ្ឋប្រយ័ត្នខ្លួន ព្រោះកម្ដៅនឹងហក់ឡើងដល់ ៤០ អង្សា ឯតំបន់ខ្លះមានភ្លៀងផ្គររន្ទះ
សារព័ត៌មាន Thaiger បានចុះផ្សាយកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅថា នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា អាចនឹងមានកម្ដៅក្ដៅខ្លាំង និង មានភ្លៀងធ្លាក់ខ្លាំង ដោយព្រមានឱ្យប្រជាពលរដ្ឋរបស់ខ្លួនត្រូវថែរក្សាសុខភាពឱ្យបានល្អ។
កាលពីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ នាយកដ្ឋានឧតុនិយមបានចេញការព្យាករណ៍អាកាសធាតុ ដោយព្រមាន និង ជំរុញឱ្យប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អ ព្រោះតែតំបន់ភាគខាងជើងនៃប្រទេសថៃ អាចនឹងមានសីតុណ្ហភាពក្តៅខ្លាំង ស្របពេលដែលតំបន់ខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង និង មានផ្គររន្ទះ។ ឯអ្នកនេសាទក៏ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្ន និង ចៀសវាងការចេញទៅសមុទ្រផងដែរ ព្រោះតែនឹងមានខ្យល់បក់ពីទិសខាងលិច បក់កាត់សមុទ្រ Andaman ភាគខាងត្បូងប្រទេសថៃ និង ឈូងសមុទ្រថៃ ដែលទំនងជានឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះនៃឆ្នេរសមុទ្រភាគនិរតី ធ្វើឱ្យរលកមានកម្ពស់ប្រហែល ២ ម៉ែត្រ ឬ ខ្ពស់ជាង ៣ ម៉ែត្រ។
ជាមួយគ្នានេះដែរ នាយកដ្ឋានបានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែឧសភានេះ ខ្យល់មូសុងនិរតី ដែលមានកម្លាំងខ្លាំងនឹងគ្របដណ្តប់លើផ្នែកខាងលើនៃប្រទេសថៃ ខណៈដែលប្រព័ន្ធសម្ពាធទាបនឹងគ្របដណ្តប់លើប្រទេសវៀតណាម និង ជាលទ្ធផលនៅតំបន់ភាគខាងជើងនៃប្រទេសថៃ នឹងមានភ្លៀងធ្លាក់ខ្លាំង។ តំបន់ភាគខាងជើងនៃប្រទេសថៃ អាចនឹងមានសីតុណ្ហភាពចាប់ពី ៣៨ ដល់ ៤០ អង្សាសេ ជាពិសេសខេត្តមួយចំនួនដូចជា Mae Hong Son, Chiang Mai, Tak, Kamphaeng Phet និង Phetchabun ។
ដោយឡែក នៅតំបន់កណ្ដាល សីតុណ្ហភាពនឹងមានចន្លោះពី ៣៨ ទៅ ៤០ អង្សាសេ ខណៈដែលភាគកើតនឹងមានសីតុណ្ហភាពពី ៣៤ ទៅ ៣៨ អង្សាសេ ជាពិសេសខេត្តមួយចំនួនដូចជា Prachin Buri, Sa Kaeo, Rayong, Chanthaburi និង ខេត្ត Trat ។ ចំណែកឯទីក្រុងបាងកក និង តំបន់ជុំវិញនោះត្រូវបានរំពឹងថា នឹងមានអាកាសធាតុក្តៅនៅពេលថ្ងៃ ដោយមានសីតុណ្ហភាពទាបបំផុតមានចន្លោះពី ២៧ ទៅ ២៩ អង្សារសេ ហើយសីតុណ្ហភាពខ្ពស់បំផុតពី ៣៥ ទៅ ៣៩ អង្សាសេ៕
ប្រភព ៖ Thaiger