ថៃចង់ស្នើឱ្យខ្មែរអនុញ្ញាតបើកច្រកចូលមើលប្រាសាទព្រះវិហារពីខាងថៃឡើងវិញ ក្រោយផ្អាកជាង ១៥ ឆ្នាំ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ នេះ បានឱ្យដឹងថា មន្ត្រីប្រចាំការនៅខេត្ត Sisaket ប្រទេសថៃ ចង់ស្នើឱ្យកម្ពុជាយល់ព្រមអនុញ្ញាតបើកច្រកចូលទស្សនាប្រាសាទព្រះវិហារពីខាងថៃឡើងវិញ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ និង ការចងសម្ព័ន្ធមិត្តភាពជាមួយខ្មែរ បន្ទាប់ពីច្រកនោះត្រូវបានផ្អាកអស់ជាង ១៥ ឆ្នាំ។
តាមការរៀបរាប់ មានប្រជាជនថៃជាច្រើនដែលកំពុងរង់ចាំយ៉ាងអន្ទះសាចំពោះការបើកឡើងវិញនូវច្រកចូលទស្សនាប្រាសាទព្រះវិហារពីខាងខេត្ត Sisaket ដោយច្រកនេះត្រូវបានបិទតាំងពីឆ្នាំ ២០០៨ ចាប់តាំងពីមានជម្លោះព្រំដែន ដោយមានទាហានរាប់ពាន់នាក់បានទៅឈរជើងប្រចាំការ។
ទោះបីជានៅឆ្នាំ ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ ICJ បានស្នើឱ្យភាគីទាំងពីរដកកងប្រដាប់អាវុធចេញក្នុងគោលបំណងការពារប្រាសាទ និង ចងសម្ព័ន្ធភាពជាមួយគ្នា តែវាហាក់គ្មានប្រសិទ្ធភាពនោះឡើយ។
ភាគីថៃបានបន្ថែមថា មានការព្យាយាមស្នើសុំមិត្តភាពឱ្យបើកច្រកឡើងវិញជាច្រើនសា ប៉ុន្ដែសំណើរទាំងនោះត្រូវបានច្រានចោល ដោយមន្ត្រីខាងកម្ពុជាលើកឡើងថា មានតែប្រមុខដឹកនាំគឺអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែម្នាក់គត់ដែលមានសិទ្ធិសម្រេចលើរឿងនេះ។
បន្ថែមពីនេះភាគីថៃបានបញ្ជាក់ថា ប្រសិនបើកម្ពុជាយល់ព្រមឱ្យបើកច្រកចូលទស្សនាប្រាសាទពីខាងថៃឡើងវិញ គឺវាមានផលល្អខ្លាំងចំពោះវិស័យទេសចរណ៍ ហើយអាចទាក់ទាញភ្ញៀវកាន់តែច្រើនជាងមុន ចំណេញដល់ទាំងទេសចរណ៍ខ្មែរ និង ថៃ។ ហេតុដូចនេះប្រទេសទាំងពីរគួរតែសម្របសម្រួលគ្នា៕
ប្រភព៖ Bangkok Post