ក្តៅៗ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់ច្បាស់ៗ ករណីចាប់ក្មេង ឬ ការចាប់ក្មេងវះក្រលៀន ជាព័ត៌មានក្លែងក្លាយ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ បានជម្រាបជូនសាធារណជនឱ្យបានដឹងថា នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ «អនុរក្ស», «កាមទេពលឹមហុង» និង គណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬ ការចាប់ក្មេងវះក្រលៀន ដែលធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។
បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្តុតាងដើម្បីអនុវត្តនិតិវិធីច្បាប់។ នាយកដ្ឋានសង្ឃឹមថា មហាជន និង សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាកុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬ បង្កអសន្តិសុខសង្គមផ្សេងៗ៕