ក្តៅគគុក! ថៃចេញបម្រាមលែងឱ្យមានអ្នករកស៊ីលក់សេវាកម្មអារម្មណ៍ ទៅចាប់ម៉ូយលើឆ្នេរ Pattaya
មហាជនមួយចំនួនមុខជាធ្លាប់បានដឹងហើយថា Pattaya គឺជាតំបន់រកស៊ីផ្លូវភេទដ៏ធំមួយប្រចាំប្រទេសថៃ ដែលកិត្តិនាមនេះបានល្បីរន្ទឺរហូតដល់ក្លាយជាផ្នែកមួយសំខាន់ដែលទាក់ទាញភ្ញៀវទេសចរទៅលេងទីនោះ។
យ៉ាងណាមិញ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ មន្ត្រីគ្រប់គ្រងទេសចរណ៍ថៃ បានចេញសេចក្តីប្រកាសហាមលែងឱ្យមានករណីអ្នករកស៊ីផ្លូវភេទទៅឈរ ឬ ដាក់ទីតាំងរកស៊ីនៅលើឆ្នេរ Pattaya តទៀត ព្រោះតែវាបានប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍។
លោក Somchai Thiraphatphaisarn បានបញ្ជាក់ថា ៖ «អ្នករកស៊ីផ្លូវភេទមិនត្រូវបានអនុញ្ញាតឱ្យស្វែងរកអតិថិជននៅឆ្នេរទេ ក្រោយមានភ្ញៀវទេសចរបរទេសជាច្រើនបានត្អូញត្អែរ និង រិះគន់ខ្លាំងៗថាពួកគេបានជួបករណីប្លន់ វាយប្រហារ និង លួចបន្លំ ជាដើម ដោយអ្នករកស៊ីផ្លូវភេទ ខណៈពេលកំពុងដើរលេងតាមឆ្នេរ។ កាលពីដើមខែឧសភានេះ មានជនជាតិអង់គ្លេសម្នាក់បានរិះគន់ថា គាត់បានបាត់នាឡិកាម៉ាក Rolex ដែលតម្លៃជាង ៣ ម៉ឺនដុល្លារ លួចដោយនារីរកស៊ីផ្លូវភេទថៃនៅលើឆ្នេរ Pattaya»។
«ហេតុដូចនេះ ដើម្បីរក្សាលំនឹងវិស័យទេសចរណ៍ឱ្យកាន់តែមានស្ថេរភាព និង រីកចម្រើនទៅមុខ ការរកស៊ីផ្លូវភេទនៅលើឆ្នេរនឹងត្រូវបិទលែងឱ្យមានចាប់ពីពេលនេះ។ ក្នុងករណីរកឃើញ ឬ ចាប់បាន ជននោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ហើយពិន័យយ៉ាងធ្ងន់ធ្ងរដោយគ្មានការលើកលែងជាដាច់ខាត»។
គួរបញ្ជាក់ឱ្យដឹងដែរថា ថៃគ្រោងពង្រីកវិស័យទេសចរណ៍ខ្លួន ដោយរំពឹងថានឹងមានអ្នកទេសចរចំនួន ២៥ ទៅ ៣០ លាននាក់ នឹងមកទស្សនាកម្សាន្តប្រទេសថៃក្នុងឆ្នាំនេះ។ ខណៈពេលដែលរបាយការណ៍ទេសចរបច្ចុប្បន្នគឺទទួលបានភ្ញៀវចំនួន ៨ លាន ៦ សែននាក់ ដោយគិតចាប់ពីខែមករា ដល់ខែមេសា កន្លងទៅនេះ៕