ដំណឹងល្អ! កម្ពុជាទទួលបានសិទ្ធិពេញលេញ ធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍កីឡាយុវជនអូឡាំពិកអាស៊ីឆ្នាំ ២០២៩
ដោយបានទទួលការអនុញ្ញាត្តិដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្ដម ថោង ខុន និងឯកឧត្ដម ឃួងស្រេង បានដឹកនាំប្រតិភូមួយរួមមាន ឯកឧត្ដមអគ្គនាយកកីឡា អ៊ុក សិទ្ធជាតិ ឯកឧត្ដម វ៉ាត់ចំរើន អគ្គលេខាធិការ NOCC ទៅចូលរូមមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីលើកទី៤០ នៅទីក្រុងឌូបៃ ដើម្បីចុះហត្ថលេខា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិកអាស៊ីលើកទី ៥ ឆ្នាំ ២០២៩ នៅរាជធានីភ្នំពេញ។
ការទទួលសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងនៅក្នងមហាសន្និបាតលើកទី ៤០ របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានការចូលរួមពីប្រតិភូអូឡាំពិកមកពី ៤៥ ប្រទេសនៃទ្វីបអាស៊ី ក្រោមអធិបតីភាពលោក Thomas Bach ប្រធានអូឡាំពិកអន្តរជាតិ (IOC) និងលោក Randhir Shing ប្រធានស្តីទីក្រមប្រឹក្សាអូឡាំពិកអាស៊ី។
ទន្ទឺមនេះ ដើម្បីលើកទឹកចិត្តបន្ថែមដល់កម្ពុជា ក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានផ្តល់គម្រោងសាងសង់មជ្ឈមណ្ឌលសារៈមន្ទីរអូឡាំពិក (Olympic Museum Center) ដ៏ធំមួយ និងមានសារៈសំខាន់ដល់កម្ពុជាសម្រាប់រក្សាសវតា និងស្នាដៃកីឡាជាតិ និង ចលនាអូឡាំពិកជូនយុវជន អ្នកស្រាវជ្រាវវិស័យកីឡានៅកម្ពុជា ក៏ដូចសម្រាប់ពិភពលោក៕
ប្រភព ៖ ក្រសួងទេសចរណ៍