លោកតាកំពូលសំណាង មានប្រពន្ធ ២ នាក់ជាតួល្ខោន កូនដល់ទៅ ២០ នាក់ រស់នៅយ៉ាងចុះសម្រុងគ្នាល្អ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកក្រោយមានករណីលោកតាកំពូលសំណាងម្នាក់ ដែលធ្វើឱ្យបុរសជាច្រើនលួចច្រណែន ព្រោះតែលោកតាមានប្រពន្ធ ២ នាក់ ហើយកូន ២០ នាក់ ប៉ុន្ដែគ្រួសាររស់នៅចុះសម្រុងគ្នាដោយមិនមានបញ្ហាអ្វីនោះឡើយ។
យោងតាមរយៈ ឆាណែលយូធូប Adventure Goal បានបង្ហោះជាវីដេអូចែករំលែកឱ្យដឹងថា៖ «បច្ចុប្បន្នលោកតាដែលមានសំណាងរូបនេះ មានអាយុជិត ៧០ ឆ្នាំហើយ ដោយរស់នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ លោកតាមានប្រពន្ធ ២ ហើយមានកូន ២០ នាក់ ដោយចៅលោកតាមិនដឹងថាមានប៉ុន្មាននាក់ទេ ព្រោះតែមិនបានរាប់ច្រើនពេក»។
លោកតាបានរៀបរាប់ថា៖ «ដែលលោកតាបានប្រពន្ធ ២ នាក់ គឺលោកតាបានហៅប្រពន្ធគាត់ទាំងពីរមកលេងល្ខោនជុំគ្នា ពេលនៅក្មេង ហើយលោកយាយទាំង ២ សុទ្ធសឹងតែជាអតីតតួឯកល្ខោនដោយម្នាក់អាយុជិត ៦០ ឆ្នាំ ម្នាក់ទៀតអាយុ ៥០ ជាង។ ហើយពេលសម្ដែងល្ខោនជាមួយគ្នាយូរៗក៏លង់ស្រឡាញ់គ្នា ក៏យកគ្នាជាគូស្វាមីភរិយា ដោយរស់នៅតំបន់តែមួយ តែផ្ទះផ្សេងគ្នា»។
«ប្រពន្ធលោកតាទី ១ មានកូន ១១ នាក់ ហើយទី ២ មានកូន ៩ នាក់ បច្ចុប្បន្នលោកតាមិនមានគម្រោងយកកូនទៀតទេ ដោយសារកូនច្រើនហើយ ហើយលោកតាថាខ្លួន និងប្រពន្ធចាស់ៗអស់ហើយ។ កាលពីក្មេងចង់យកកូនច្រើន ព្រោះយកមកលេងល្ខោនជុំគ្នា បានលុយមូលមិនបាច់ពិបាកជួលបុគ្គលិក។ ហើយចំពោះរឿងប្រចណ្ឌឈ្លោះអីគឺមានខ្លះដែរ តែមិនខ្លាំងធ្ងន់ធ្ងរទេ ភាគច្រើនឈ្លោះគ្នារឿងចែកលុយមិនស្មើជាដើម ចឹងហើយពេលចែកលុយចែកអីលោកតាភាគច្រើនមិនសូវចែកជាមួយគ្នាទេ ហើយក៏មិនប្រាប់ថាខាងណាបានប៉ុនណានោះដែរ ទើបមិនកើតបញ្ហា»៕