ស្រណោះណាស់! ឪពុកអស់បុណ្យលើកង់បី កូនប្រុសយំខ្សោះខ្លួនស្រែកហៅ «ប៉ាអើយ ដឹងខ្លួនមកប៉ា»
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីរំជួលចិត្ត និងចែករំលែកបន្តគ្នាព្រោងព្រាត ក្រោយបានជ្រាបអំពីករណី បុរសកម្សត់ម្នាក់ ទទួលមរណភាពនៅលើកង់បីរបស់ខ្លួន ពេលដឹកកូនរបស់ភ្ញៀវទៅសាលារៀន ហើយសុំចតមុខសំយ៉ាបផ្ទះគេ ដើម្បីសម្រាក រួចហើយក៏ផុតដង្ហើមអស់បុណ្យទៅ ដោយគ្មានអ្នកណាដឹង។
ក្រោយជ្រាបពីដំណឹងឪពុកស្លាប់ កូនប្រុសជនរងគ្រោះ បានទៅដល់ទីកន្លែងដែលលោកពុកផុតជីវិត ហើយយំខ្លាំងៗយ៉ាងរំជួលចិត្តបំផុត ដោយស្រែកបណ្ដើរ យំបណ្ដើរ «ប៉ាអើយ ដឹងខ្លួនមកប៉ា» ពោរពេញដោយក្ដីឈឺចាប់ បាត់បង់លោកអ្នកមានគុណត្រឹមមួយរំពេច ហើយវាបានក្លាយជារឿងដ៏សោកសង្រេងបំផុត ក្នុងឆាកជីវិត។
យ៉ាងណាមិញ រឿងរ៉ាវលម្អិតជនរងគ្រោះខាងលើ បើតាមការបញ្ជាក់ពីគណនីបងប្រុសជនរងគ្រោះ ដែលមានឈ្មោះថា Phanydeth Chea បានបង្ហោះបញ្ជាក់នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ បែបនេះថា ៖ «ប្អូនប្រុសខ្ញុំកម្សត់ណាស់ព្រះអើយ ក្រណាស់ឈឺហើយមិនហ៊ានទៅពេទ្យគ្មានលុយ ទៅពេទ្យនឹងគេ មានបណ្ណ័បសស នឹងគេដែរ ខំទៅឈរតម្រង់ជួរចូលពិនិត្យសុខភាព ដល់ឈ្មោះគេប្រាប់ថាកាត អ៊ិចស្ពាយហើយ សុខចិត្តត្រលប់មកផ្ទះវិញទាំងឈឺ ប្អូនខ្ញុំមានជំងឺហឺត ហើយបេះដូងរីក ឥឡូវស្លាប់យ៉ាងកម្សត់យ៉ាងនេះលោកអើយលោក»។
ម្ចាស់គណនីដដែលនេះ បានបន្តលម្អិតឱ្យដឹងថា៖ «ខ្ញុំចង់និយាយប្រាប់ថា មុននឹងប្អូនខ្ញុំបានស្លាប់ គឺអាទិត្យមុនគេបានទៅពេទ្យដែរ គេបានតម្រង់ជួរដើម្បីពិនិត្យសុខភាពដែរ តែដល់ពេលដល់ឈ្មោះគ្នាហើយ ពេទ្យប្រាប់ថាប័ណ្ណ បសស ហ្នឹងអ៊ិចស្ពាយ គ្នាក៏ត្រលប់មកផ្ទះវិញ ហើយក៏បានទៅពេទ្យឯកជនដែរ ពេទ្យប្រាប់ថាបេះដូងគាត់រីក។ មួយអាទិត្យក្រោយគឺនៅថ្ងៃទី 17/05/23 នេះ ប្អូនខ្ញុំក៏បានបាត់បង់ជីវិត ប្អូនខ្ញុំក្រខ្លាំងណាស់ហើយកម្សត់ជាងគេបងប្អូន ខ្ញុំមិនអាចឈប់យំបានទេ ម្តាយខ្ញុំទើបតែទទួលមរណភាពឥឡូវមកប្អូនពៅខ្ញុំទៀត»៕