រកផ្លូវវាងឱ្យហើយ! ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ នៅលើកំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្តុប BKC នឹងផ្អាកចរាចរបណ្ដោះអាសន្ន
នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ នេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយថា នឹងមានការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងពិធីសម្បោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត។
នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចមបុណ្យជាតិ-អន្តរជាតិ នឹងមានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ដីត ប៊ុន រ៉ានី ហ៊ុន សែន។
យ៉ាងណាមិញ ដើម្បីឱ្យនេះប្រព្រឹត្តិទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្ដោះអាសន្នលើកំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្តុប BKC និង បរិវេណជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៥ ព្រឹករហូតដល់ចប់កម្មវិធី៕