រំភើបបំផុត! ជាប់បំពេញកាតព្វកិច្ចជូនជាតិ បានត្រឹមវីដេអូខលទៅប្រពន្ធមើលកាំជ្រួចជាមួយគ្នា
ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ បានបញ្ចប់ទៅដោយរលូនលើប្រភេទកីឡាជិត ៤០ ប្រភេទ អត្តពលិកមកពីគ្រប់ប្រទេសក្នុងបណ្ដាតំបន់អាស៊ានបានចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍កីឡា មុននឹងយកមេដាយទៅជូនជាតិមាតុភូមិ ខណៈពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ប្រកបទៅដោយទស្សនីយភាពអស្ចារ្យ មានការបាញ់កាំជ្រួចពេញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងពិធីបិទនេះផងដែរ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកគ្នាព្រោងព្រាតនូវ រូបភាពមួយសន្លឹក ដែលកងកម្លាំងការពារកម្ពុជា ជាប់បំពេញកាតព្វកិច្ចជូនជាតិក្នុងពិធីបិទខាងលើ បានត្រឹមខលទៅកាន់ភរិយាមើលកាំជ្រួចជាមួយគ្នា តាមរយៈវីដេអូខល។
រូបភាពដែលកំពុងផ្ទុះការចាប់អារម្មណ៍ខាងលើ ត្រូវបានបង្ហោះដោយ គណនីមួយរបស់លោក Rin Sokreth ដែលបានបង្ហាញពីសកម្មភាពរបស់កងកម្លាំងមួយរូប បានទូរស័ព្ទជាលក្ខណៈវីដេអូទៅកាន់ភរិយាដើម្បីបានទស្សនាកាំជ្រួចដ៏ស្រស់ស្អាតជាមួយគ្នា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងកាលៈទេសៈដែលខ្លួនត្រូវបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ។ ក្រោយឃើញបែបនេះ មានបណ្ដាមហាជនជាច្រើន បានស្ញើចសរសើរ ចំពោះទឹកចិត្តរបស់ស្វាមី និង ចែករំលែកបន្តគ្នាព្រោងព្រាតពេញបណ្ដាញសង្គម៕