អង្គការសហប្រជាជាតិ ព្រមានថាចន្លោះឆ្នាំ ២០២៣ ដល់ ២០២៧ ផែនដីនឹងក្ដៅខ្លាំងបំផុតលើសឆ្នាំណាទាំងអស់
សារព័ត៌មាន The News International បានចុះផ្សាយនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ នេះថា អង្គការសហប្រជាជាតិ បានព្រមាននាពេលថ្មីៗនេះថា ៖ «ប្រាកដណាស់ថាឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ នឹងក្លាយជារយៈពេលប្រាំឆ្នាំដ៏ក្តៅបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ»។ ហើយអង្គការសហប្រជាជាតិ ក៏បានបន្ថែមទៀតថា កត្តាដែលធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្លាំងនេះ គឺបណ្ដាលមកពីឧស្ម័នផ្ទះកញ្ចក់ និង បាតុភូត El Nino រួមបញ្ចូលគ្នា។
ទន្ទឹមនឹងការព្រមានរបស់ UN, អង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិ ក៏បានលើកឡើងដែរថា សីតុណ្ហភាពពិភពលោកក្នុងពេលឆាប់ៗនេះ នឹងឡើងលើសពីគោលដៅមហិច្ឆតា ដែលបានកំណត់ទុកក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ ហើយ WMO បានបន្តទៀតថា វាមានលទ្ធភាពដល់ទៅ ៩៨ ភាគរយ ដែលយ៉ាងហោចណាស់មួយក្នុងចំណោម ៥ ឆ្នាំខាងមុខ ហើយរយៈពេល ៥ ឆ្នាំនោះនឹងមានកម្ដៅក្តៅបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត។
យ៉ាងណាមិញ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ក៏បានកំណត់ឱ្យប្រទេសនានា យល់ព្រមកាត់បន្ថយការឡើងកំដៅផែនដីនៅជាមធ្យម ២ អង្សាសេ ឬ ១.៥ អង្សាសេប្រសិនបើអាចធ្វើទៅបាន។ ប៉ុន្តែរយៈពេល ៨ ឆ្នាំ ដែលក្ដៅបំផុតមិនធ្លាប់មានបែរជាត្រូវបានកត់ត្រានៅចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ ហើយសីតុណ្ហភាពត្រូវបានព្យាករថា នឹងកើនឡើងបន្ថែមទៀត ពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងឡើង។
មិនតែប៉ុណ្ណោះ WMO បាននិយាយបន្ថែមទៀតថា មានឱកាសដល់ទៅ ៦៦ ភាគរយ ដែលសីតុណ្ហភាពផ្ទៃផែនដីប្រចាំឆ្នាំនឹងលើសពី ១.៥ អង្សាសេក្នុងឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ជាមួយនឹងចន្លោះពី ១.១ អង្សាសេដល់ ១.៨ អង្សាសេ (ចំនួន ដែលត្រូវបានព្យាករណ៍សម្រាប់ប្រាំឆ្នាំ)។
គួរបញ្ជាក់ដែរថា លោក Petteri Taalas ដែលជាប្រធានទីភ្នាក់ងារបាននិយាយដែរថា ៖ «ការឡើងកំដៅនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព សន្តិសុខស្បៀង ការគ្រប់គ្រងទឹក និង បរិស្ថាន ដែលនេះជាបញ្ហាយើងត្រូវតែត្រៀមខ្លួនទុក»៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ The News International