ស្ដែងៗ! ថតបានសកម្មភាពចោរឆក់កាបូប ធ្វើឱ្យអ្នកជិះកង់បីធ្លាក់ដួលលើដីទាំងកណ្ដាលថ្ងៃចែស
មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ថ្មីៗនេះបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយពីបានទស្សនាវីដេអូថតជាប់ដោយកាមេរ៉ាសុវត្ថិភាពជាប់នឹងរថយន្ត ដែលកំពុងបើកបរតាមដងផ្លូវនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ដោយបង្ហាញនូវសកម្មភាពចោរឆក់កាបូបអ្នកដំណើរម្នាក់ នៅតាមផ្លូវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងរឿងនេះដែរ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Rothnavy Khou បានបង្ហោះវីដេអូ ព្រមទាំងបានសរសេរជាសំណេរបញ្ជាក់ឱ្យបានដឹងថា មានហេតុការណ៍ឆក់កាបូបអ្នកជិះរ៉ឺម៉កកង់បី នៅលើផ្លូវសហព័ន្ធរុស្សី នាវេលាម៉ោង ១០ បណ្ដាលឱ្យជនរងគ្រោះធ្លាក់ដួលមកលើផ្លូវ។ ហើយតាមវីដេអូ ក៏ដូចជាតាមរយៈប្រអប់បញ្ចេញមតិក្នុងវីដេអូបង្ហោះនោះបានឱ្យដឹងទៀតថា ចោរដែលធ្វើសកម្មភាពឆក់កាបូបនោះ មានគ្នាដល់ទៅ ៤ ម៉ូតូចាំជួយគ្នាទៀតផង។
យ៉ាងណាមិញ នេះក៏ជាបញ្ហាមួយ ដែលគួរប្រុងប្រយ័ត្នទាំងអស់គ្នា ដោយម្ចាស់គណនីដែលបានបង្ហោះវីដេអូនោះបានណែនាំដល់អ្នកដំណើរឱ្យកុំមានការកាន់កាបូបពេលធ្វើដំណើរ៕