គូពិតពីបុព្វេ! កូនសិស្សអាយុ ២២ ឆ្នាំ ស្រឡាញ់អ្នកគ្រូខ្លួនឯងអាយុ ៤៨ ឆ្នាំ តាមសុំស្នេហ៍រហូតបានរៀបការ
ស្នេហាគឺមិនមែនបែងចែកវណ្ណៈ រូបរាង ពណ៌សម្បុរ ឬក៏អាយុនោះឡើយ ជាក់ស្ដែងគេសង្កេតឃើញថាមានករណីស្នេហាខុសវ័យជាច្រើន ដែលអង្រួនចិត្តដល់មហាជនជុំវិញពិភពលោក។
ថ្មីៗនេះ មានករណីស្នេហាខុសវ័យកូនកំលោះអាយុ ២២ ឆ្នាំ បានរៀបការជាមួយកូនក្រមុំអាយុ ៤៨ ឆ្នាំ ដែលជាគ្រូបង្រៀនអក្សរសាស្ត្រថ្នាក់ទី ១១ របស់ខ្លួន ធ្វើឱ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមនៅលើប្រព័ន្ធអ៊ីនធឺណេត។
កូនកំលោះឈ្មោះថា Muhammad Daniel Ahmad Ali មានអាយុ ២២ ឆ្នាំបានរៀបរាប់ថា ៖ «ខ្ញុំបានស្គាល់ Jamelah ដោយនាងជាគ្រូបង្រៀនអក្សរសាស្ត្រថ្នាក់ទី ១១ របស់ខ្ញុំ។ ពេលនោះខ្ញុំមិនបានចាប់អារម្មណ៍គាត់នោះទេ ដោយគ្រាន់តែមានទំនាក់ទំនងជាគ្រូសិស្ស ហើយពួកយើងក៏បែកគ្នាអស់មួយរយៈពេលខ្ញុំរៀនចប់មធ្យម។ ពេលវេលារំលងទៅជាច្រើនឆ្នាំ ខ្ញុំបានជួបនាងម្ដងទៀត នៅពេលទៅលេងសាលា ហើយចូលការិយាល័យនាយកសាលា។ ពួកយើងក៏បានសួរសុខទុក្ខគ្នា ហើយឆ្លើយឆ្លងគ្នាដោយខ្ញុំក៏បានលេខទូរស័ព្ទនាង»។
«ខ្ញុំមានអារម្មណ៍ថាខ្ញុំចាប់ផ្ដើមមានចិត្តលើនាងដោយចង់និយាយជាមួយនាងច្រើនជាងមុន ហើយក៏បានសារភាពពីអារម្មណ៍ទៅកាន់ Jamelah ដូចគ្នា តែត្រូវនាងបដិសេធ។ ខ្ញុំមិនបានបោះបង់ចោលត្រឹមនោះឡើយ ព្រោះតែចង់ឱ្យនាងដឹងថាពាក្យដែលខ្ញុំនិយាយចំពោះនាង គឺចេញពីចិត្តពិតមិនមែនជាការលេងសើចសប្បាយទេ ដោយខ្ញុំពិតជាចង់រៀបការ និង សាងគ្រួសារជាមួយនាង ដោយមិនខ្វល់ទេថាវ័យយើងខុសគ្នា ឬ អ្នកដទៃនិយាយបែបណា។ នៅទីបំផុតនាងក៏ទន់ចិត្តព្រមរៀបការ»។
ចំណែក Jamelah វិញបានរៀបរាប់ថា ៖ «តាំងពីលែងលះស្វាមីនៅឆ្នាំ ២០០៧ មក នាងមិនដែលចាប់អារម្មណ៍លើរឿងស្នេហាទេ ដោយគិតតែធ្វើការ ហើយសុខៗមនុស្សប្រុសម្នាក់ដែលធ្លាប់ជាកូនសិស្សខ្លួនបង្រៀន បែរជាប្រាប់ថាស្រឡាញ់ចង់រៀបការ នាងពិតជាភ្ញាក់ផ្អើលជាខ្លាំង តែក៏មិនហ៊ានឆ្លើយថាព្រមនោះដែរ ព្រោះតែយើងទាំង ២ អាយុខុសគ្នាដល់ទៅ ២៦ ឆ្នាំ។ ក្រោយពេលបានឃើញភាពតស៊ូ ហើយគាត់បានបង្ហាញថាគាត់ពិតជានិយាយពិត និង ស្រឡាញ់ខ្ញុំពិតមែន ហើយហ៊ានទាំងប្រាប់គ្រួសារគាត់ដោយបើកចំហទៀត ទើបខ្ញុំទន់ចិត្តយល់ព្រម»៕