អបអរសាទរ! គូស្នេហ៍អ្នកនិពន្ធល្បី «កូនចាបមាស» ចូលរោងការហើយ មិនមានអញ្ជើញភ្ញៀវដើម្បីយកចំណងដៃ និង មិនយកគ្រឿងស្រវឹងមកទទួលភ្ញៀវ
កញ្ញា សែត ហត្ថា និង ជាអ្នកនិពន្ធល្បីរហ័សនាមថា «កូនចាបមាស» បានសម្រេចចិត្ត ដឹកដៃគូស្នេហ៍ លោក ឡាំ លីម ដែលជាអ្នកនិពន្ធដូចគ្នា ចូលរោងការហើយ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ នេះ។
អ្វីដែលចាប់អារម្មណ៍បំផុតនោះ បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកអ្នកនិពន្ធល្បីឈ្មោះ លោក សយ ស៊ីណា បានបញ្ជាក់ឱ្យដឹងថា មង្គលការរបស់អ្នកនិពន្ធទាំងពីររូបនេះ គឺជាពិធីមង្គលការមួយដ៏ស្ងប់ស្ងាត់ ដោយមានតែមេបាទាំងសងខាងជាសាក្សី មិនមានអញ្ជើញភ្ញៀវពិសាភោជនាហារ ដើម្បីយកចំណងដៃ ព្រមទាំងមិនយកគ្រឿងស្រវឹងមកទទួលភ្ញៀវឡើយ។
ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រ និង ប្រិយមិត្តអ្នកអានជាច្រើន ក៏បានចូលបញ្ចេញមតិលើសារបង្ហោះ និង ចែករំលែកបន្ដយ៉ាងច្រើនព្រោងព្រាត ដើម្បីចូលរួមអបអរសាទរដល់អ្នកនិពន្ធទាំង ២ រូប ដែលបានកាន់ដៃគ្នាចូលរោងការ ខណៈដែលមានអ្នកគាំទ្រខ្លះបានបញ្ចេញមតិបែបលេងសើចថា ៖ «អ្នកនិពន្ធ និង អ្នកនិពន្ធ បានរៀបការហើយ, ចុះអ្នកអាន កាលណាបានការ?»។
សូមបញ្ជាក់ផងដែរថា អ្នកនិពន្ធល្បីឈ្មោះ «កូនចាបមាស» គឺជាកូនច្បងម្នាក់ក្នុងចំណោមបងប្អូន ៥ នាក់ និង មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់ និង បានបញ្ចប់ការសិក្សាជំនាញផ្នែកព័ត៌មានវិទ្យា ព្រមទាំងមានស្នាដៃនិពន្ធល្បីៗជាច្រើនដូចជា៖ វិញ្ញសាជីវិត, កាដូជីវិត, ខ្យល់ដង្ហើម និង ដំណើរ៕
រូបភាពដោយ ៖ Lam Lay និង ធា វី