ឈឺចិត្តតិចអី! ឃើញគេគិតខ្លី ខំជួយប៊ិះស្ល-ា..ប់ខ្លួន ចុងក្រោយត្រូវគេជេរផាំងៗថាមិនបានសុំឱ្យជួយឯណា
រឿងរ៉ាវមួយនៅប្រទេសចិន បានធ្វើឱ្យមហាជនហួសចិត្តជាខ្លាំង ដោយមានបុរសជាសន្តិសុខម្នាក់ឃើញនារីម្នាក់គិតខ្លីរកលោតចុះពីលើអគារ ខំទៅជួយរហូតដល់របួសខ្លួនឯង តែចុងក្រោយមិនបានពាក្យអរគុណសូម្បីមួយម៉ាត់ បែរជាត្រូវគ្រួសារនាងជេរមកស្តីបន្ទោសទៀត។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះវ័យ ២៨ ឆ្នាំ ជាសន្តិសុខការពារនៅមន្ទីរពេទ្យមួយកន្លែង ហើយនៅថ្ងៃកើតហេតុគេបានឡើងទៅជួយនារីម្នាក់ ដែលកំពុងព្យាយាមរកលោតសម្លាប់ខ្លួនពីជាន់ទី ៤ មក។ ដោយសារតែអាជ្ញាធរមិនទាន់មកដល់ ខាងក្រុមគ្រូពេទ្យក៏បានព្យាយាមជួយ ដោយរាយសំណាញ់នៅខាងក្រោមផងដែរ ដើម្បីការពារបើសិនជានាងលោតទៅ។ នាងក៏លោតចុះពិតមែន តែខាងសន្តិសុខក៏បានព្យាយាមការពារ ដោយឱបនាងជាប់ធ្វើឱ្យធ្លាក់មកចុះក្រោមទាំងពីរនាក់ បង្កឱ្យមានរបួសដូចគ្នា តែខាងនារីហាក់ស្រាលជាង ឯបុរសជាសន្តិសុខរបួសធ្ងន់ មានបាក់ប្រេះស្រាំឆ្អឹងសឹងគ្រប់កន្លែង រួចត្រូវគេបញ្ចូនទៅមន្ទីរពេទ្យ។
បុរសជាសន្តិសុខ បានក្លាយជាអ្នកជំងឺដេកនៅនឹងគ្រែជាច្រើនថ្ងៃ រហូតដល់ខាងគ្រួសារអស់សមត្ថភាពព្យាបាល ហើយក៏បានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខដែលគេធ្វើការ តែគេមិនព្រមជួយឡើយ រហូតចុងក្រោយដាច់ចិត្តទាក់ទងទៅខាងគ្រួសាររបស់នារីដែលគិតខ្លីនោះ។
យ៉ាងណាមិញ អ្វីដែលហួសចិត្តនោះ ខាងគ្រួសាររបស់នារីនោះបានបោះសម្តីមកថា ខ្លួនមិនបានសុំឱ្យនរណាជួយកូនស្រីរបស់ខ្លួនឡើយ គឺសន្តិសុខរូបនេះជាអ្នកយកជួយខ្លួនឯង លើសពីនេះទៀតថែមឆ្លៀតគំរាមទៀតថា បើសិនជាកូនស្រីខ្លួនមានរឿងអ្វីកើតឡើង នោះខាងគ្រួសាររបស់សន្តិសុខនឹងត្រូវទទួលខុសត្រូវអស់មួយជីវិត៕