អស់ពីលួចដោះប៊ូឡុងបង្កាន់ដៃផ្លូវល្បឿនលឿន ឥលូវលោកចោរមកលួចដោះដែកបង្គោលបណ្ដាញអគ្គិសនីទៀត
កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ តាមរយៈផេកផ្លូវការអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានសម្ដែងការហួសចិត្ត ក្រោយមានអ្នកលួចដោះប៊ូឡុងបង្កាន់ដៃ នៅផ្លូវល្បឿនលឿន ដោយនេះគឺជាការបំផ្លាញមួយបង្កឱ្យមានគ្រោះថ្នាក់។
ដោយឡែកថ្មីៗនេះទៀត ក៏មានករណីលួចដោះដែកបង្គោលបណ្ដាញអគ្គិសនី នៅភូមិឫទ្ធីមួយ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបង្គោលភ្លើងមួយនេះ ជាបង្គោលភ្លើងដ៏ធំ និង សំខាន់មួយក្នុងការបញ្ជូនចរន្តចេញពីរោងចក្រធ្យូងថ្មស្ទឹងហាវដើម្បីចែកចាយ ហើយប្រសិនបើរលំ នឹងត្រូវចំណាយពេលយូរថ្ងៃក្នុងការជួសជុល។
បើតាមការបង្ហោះពីហ្វេសប៊ុកផេករបស់លោក ម៉ុង ចាន់ថុល បានរៀបរាប់ថា៖ «អស់ពីលួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿន មានអាក្រុមចង្រៃលោកចោរមកលួចដោះដែកបង្គោលបណ្តាញអគ្គិសនី នៅភូមិឫទ្ធីមួយ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ “សូមបញ្ជាក់” បង្គោលភ្លើងនេះមានតង់ស្យុងខ្ពស់230kv ដែលបញ្ជូនចរន្តចេញពីរោងចក្រធ្យូងថ្មស្ទឹងហាវដើម្បីចែកចាយបើសិនជារលំ ជួសជុលមិនតិចជាង១០ថ្ងៃទេខាតបង់យ៉ាងតិច50MW/ម៉ោង ស្មើ 50000kw/ម៉ោង»៕