ឧកញ៉ាវ័យក្មេង ជា សារ៉ន ត្រូវជាប់ឃុំបណ្ដោះអាសន្ន និង រងការចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស
នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ឱ្យបានដឹងថា នៅរសៀលនេះ ឧកញ៉ា ជា សារ៉ន និងបក្សពួក ដែលបានឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និង ត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតហើយ។
តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួន របស់សាលាដំបូងខេត្តកំពត បានឱ្យដឹងថា បុគ្គល ជា សារ៉ន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិបឹងនិមល និងភូមិត្រពាំងបី ស្រុកឈូក ខេត្តកំពត និងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្ន។
តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួន បានឱ្យដឹងទៀតថា ជនត្រូវចោទមានឈ្មោះ ជា សារ៉ន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ កម្រិតវប្បធម៌មធ្យមសិក្សាទុតិយភូមិ មុខរបរអគ្គនាយកក្រុមហ៊ុន ជាសារ៉ន រៀលធី ទីកន្លែងកំណើតភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្ត កំពត ទីលំនៅបច្ចុប្បន្ននៅភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត មានប្រពន្ធឈ្មោះ អៀម ចិន្តាស់ មានកូន ចំនួន ០២ នាក់ ឪពុកឈ្មោះ ជុំ គុន ម្តាយឈ្មោះ ឃឹម អ៊ឹន៕