ខឹងចិត្តតិចអី ពេលមកខ្ចីយកជាលុយសុទ្ធ ដល់ពេលមកសង បែរសងជាដុំមាស
ថ្មីៗនេះ រឿងរ៉ាវជម្លោះរវាងកូនបំណុល និង ម្ចាស់បំណុលមួយ ត្រូវបានលើកយកមកវែកញែកពេញបណ្ដាញសង្គមវៀតណាម ដោយដើមហេតុគឺពេលទៅខ្ចីយកជាលុយសុទ្ធ តែពេលមកសងស្រាប់តែសងជាដុំមាសជំនួសវិញ។
កូនបំណុលដែលយកមាសទៅសងជំនួសលុយបានរៀបរាប់ថា៖ «៥ ឆ្នាំមុន ខ្ញុំបានទៅខ្ចីលុយបងស្រីជីដូនមួយខ្ញុំ ដើម្បីមកសាងសងផ្ទះ ដោយពេលនោះពួកយើងគឺខ្វះខាតលុយមួយចំនួន ហើយនៅពេលខ្ចីពីគាត់ គឺយើងបានលុយមកដោយស្រួលមិនមានការសួរនាំច្រើនទេ ហើយខ្ញុំក៏មិនដែលភ្លេចគុណបងស្រីជីដូនមួយដូចគ្នា»។
«លុះពេលឥលូវ ខ្ញុំ និងស្វាមីរកស៊ីមានលុយគ្រប់គ្រាន់ ពួកយើងក៏បានយកលុយនោះទៅសងគាត់វិញ ដោយគិតថាទិញវាជាដុំមាសវិញ ព្រោះវាមានតម្លៃថ្លៃហើយងាយស្រួលទុកដាក់ ជាពិសេសមិនបាច់ពិបាករាប់លុយចងជាបាច់ៗ ម្យ៉ាងខ្ញុំគិតថាទីផ្សារបច្ចុប្បន្ន គេលែងសូវនិយមរាប់លុយសុទ្ធហើយ។ ស្រាប់តែពេលទៅសង គាត់បែរជាខឹងខ្ញុំជាខ្លាំង ដល់ថ្នាក់ដេញខ្ញុំចេញពីផ្ទះ ដោយប្រាប់ថា ពេលខ្ចីយកជាលុយ ហេតុអ្វីសងជាមាស មាសមានហាងឆេងឡើងចុះ គាត់មិនចេះចាយទេ បើឱ្យគាត់ជាកាដូគាត់យក តែយកមកកាត់បំណុលគឺមិនអាចទទួលយកបានជាដាច់ខាត ខ្ចីលុយសងជាលុយមិនបាច់មាសអីទេ ឱ្យលុយតែគ្រប់ចំនួនមក»។
ក្រោយហេតុការណ៍នេះផ្ទុះឡើង មហាជនជាច្រើនក៏បានធ្វើការបញ្ចេញមតិបែបលេងសើចថា៖ «បងជីដូនមួយអ្នកចិត្តបានណាស់ គាត់អាចខឹង និងសម្ដីមិនល្អដាក់អ្នក តែតាមពិតគឺចិត្តគាត់ល្អ គាត់មិនលោភលន់ចង់បានតែលុយអ្នកជំពាក់មកវិញទេ», «បើខ្ញុំវិញ ខ្ញុំយកហើយបានមាសហើយអ្នកណាមិនយក», «អីក៏ល្ងង់យ៉ាងនេះ មាសឥលូវថ្លៃផង! ម៉េចមិនយក ទៅរាប់លុយសុទ្ធនាំតែហត់អី»៕