ផ្អើលរោងការ! កំពុងរៀបការសុខៗ ស្រាប់តែលេចមុខនារីម្នាក់ស្លៀកពាក្យកូនក្រមុំ ហើយយំប្រាប់គេឯងថាកំពុងពពោះ
ថ្មីៗនេះ ផ្ទុះការវែកញែកពេញបណ្ដាញសង្គម Weibo ចិន ក្រោយមានករណីគូស្នេហ៍មួយគូកំពុងរៀបពិធីមង្គលការសុខៗ ស្រាប់តែលេចមុខកូនក្រមុំមកថែមម្នាក់ទៀត ដោយអះអាងថាខ្លួនជាគូស្នេហ៍ចាស់របស់កូនកំលោះ ដោយរូបនាងក៏កំពុងពពោះផងដែរ។
ហេតុការណ៍មួយនេះ បានកើតឡើងនៅឯខេត្ត Jiangsu ប្រទេសចិន។ ខណៈពេលដែលកំពុងរៀបការគូស្វាមីភរិយាថ្មីមួយគូ ដោយមានការចូលរួមពីសំណាក់ញាតិមិត្តជិតឆ្ងាយជាច្រើន ស្រាប់តែនារីម្នាក់បានបង្ហាញខ្លួនមកក្នុងឈុតកូនក្រមុំដូចគ្នា ហើយស្រវាទាញកូនកំលោះ ហើយថែមទាំងស្រែកប្រកាសថា៖ «នាងជាគូស្នេហ៍របស់កូនកំលោះ ហើយឥលូវនាងកំពុងពពោះ»។ ពាក្យសម្ដីរបស់នាងបានធ្វើឱ្យអ្នកចូលរួមកម្មវិធីទាំងអស់នាំគ្នាស្រឡាំងកាំង មុននឹងឆោឡោថាគួរធ្វើអ្វីបន្ដ ហើយពិធីមង្គលការនេះក៏ត្រូវបានកាត់ចោលលែងបន្ដទៀត។
នៅទីបំផុត ក្រោយជជែកវែកញែកគ្នា គេបានរកដើមហេតុឃើញថា តាមពិតទៅនារីដែលមកក្រោយស្លៀកឈុតកូនក្រមុំនោះ គឺជាសង្សារចាស់របស់កូនកំលោះពិតប្រាកដមែន ដោយអ្នកទាំងពីរបានទាក់ទងគ្នាបាន ៣ ឆ្នាំ ហើយក៏សម្រេចចិត្តរៀបការ ប៉ុន្ដែពេលជួបឪពុកម្ដាយខាងស្រី បែរជាទារថ្លៃបណ្ណាការច្រើនពេកគឺចំនួន ៣០០ ០០០ យ័ន (ប្រមាណ ៤៣ ៣០០ ដុល្លារ) ដែលធ្វើឱ្យគ្រួសារខាងប្រុសគ្មានលទ្ធភាពក្នុងការបំពេញ ហើយការចរចារក៏មិនបានសម្រេច ទើបពួកគេបានបែកគ្នា។
ប៉ុន្មានឆ្នាំក្រោយមក កូនកំលោះរូបនោះ ក៏បានជួបនារីម្នាក់ទៀត ដែលលោកស្រឡាញ់ ហើយនាងក៏ស្រឡាញ់លោកដូចគ្នា ជាពិសេសនៅពេលទៅជួបមេបាខាងស្រីនិយាយរឿងរៀបការ ពួកគេមិនបានទាមទារថ្លៃបណ្ណាការច្រើននោះទេ ដែលជាហេតុធ្វើឱ្យអ្នកទាំងពីរយល់ព្រមរៀបការមិនចាំយូរ។
ក្រោយសង្សារចាស់បង្ហាញខ្លួនអុកឡុកកម្មវិធីមង្គលការ កូនកំលោះបានបកស្រាយថា៖ «នាងក៏ដឹងថាគ្រួសារខ្ញុំមានជីវភាពយ៉ាងណា ហេតុអ្វីបានពេលចូលសួរទាមទារដល់ទៅ ៣០ ម៉ឺនយ័ន ហើយពេលចរចារអ្នកគ្មាននិយាយអ្វីមួយម៉ាត់ ហើយសុខៗមកប្រាប់ថាមានផ្ទៃពោះ ទាំងដែលយើងបែកគ្នាជាច្រើនឆ្នាំហើយ តើខ្ញុំទៅធ្វើឱ្យអ្នកមានផ្ទៃពោះយ៉ាងម៉េចកើត? ហើយពេលនេះអ្នកឱ្យខ្ញុំទៅរៀបការជាមួយអ្នក ឪពុកម្ដាយអ្នកលែងយកថ្លៃបណ្ណាការហើយ ប៉ុន្ដែចិត្តដែលស្រឡាញ់របស់ខ្ញុំបានសាបអស់ហើយ ហេតុនេះសូមឈប់តាមបំផ្លាញជីវិតខ្ញុំទៅ»៕