ស្អែកថ្ងៃត្រង់នៅថៃ នឹងមានបាតុភូតកម្រមួយ គឺមនុស្ស និង ដើមឈើ នឹងគ្មានឃើញស្រមោល
នៅវេលាម៉ោង ១២ និង ១៦ នាទី ថ្ងៃទី ២៧ ខែមេសា ខាងមុខនេះ ប្រជាជនក្នុងប្រទេសថៃ នឹងអាចឃើញបាតុភូតដ៏កម្រ zero-shadow ដែលបាតុភូតនេះ នឹងធ្វើឱ្យស្រមោលរបស់មនុស្ស ដើមឈើ និង វត្ថុនានា លែងឃើញមាន ដោយសារតែព្រះអាទិត្យរះនៅចំណ្ដាលផ្ទៃមេឃ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានឧតុនិយមរបស់ថៃ។
បាតុភូតនេះដែរ នឹងធ្វើឱ្យអ្នករស់នៅក្នុងប្រទេសថៃអាចឃើញដោយផ្ទាល់ភ្នែក ខណៈស្រមោលរបស់ពួកគេ ដើមឈើ និង វត្ថុនានា បាត់បង់ទាំងស្រុង បើទោះពួកគេឈរកណ្ដាលថ្ងៃក៏ដោយ។ យ៉ាងណាមិញ បាតុភូតមួយនេះ កើតមានឡើងត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលព្រះអាទិត្យ និង ផែនដី ផ្លាស់ទី។
គួរឱ្យដឹងថា បាតុភូត zero-shadow កើតឡើង ២ ដងក្នុងមួយឆ្នាំ នៅរាល់តំបន់ចន្លោះពីតំបន់ត្រូពិក Cancer និង Capricorn ដែលជាក្រុមលាតសន្ធឹងជុំវិញភពផែនដី ២៣.៥ ដឺក្រេ ទៅភាគខាងជើង និង ខាងត្បូងនៃអេក្វាទ័រ ហើយសម្រាប់ប្រទេសថៃ ព្រះអាទិត្យអាចរះមកចំកណ្ដាលក្នុងថ្ងៃណាមួយនៅក្នុងមេសា ឬ ឧសភា ហើយកើតឡើងម្ដងទៀតនៅក្នុងខែកក្កដា ឬ សីហា៕
ប្រភព៖ The Nation Thailand