ខឹងពិធីករបង្អាប់លេងសើចលើកូនកំលោះ កូនក្រមុំទ្រាំមិនបានដាក់មួយកំផ្លៀងផ្អើលរោងការ
ថ្មីៗនេះរឿងរ៉ាវនៅក្នុងពិធីមង្គលការមួយ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ព្រោះកូនក្រមុំខឹងខ្លាំង ដល់ថ្នាក់ទះកំភ្លៀងពិធីករនៅលើឆាក ព្រោះតែគេនិយាយលេងសើចមើលងាយដល់កូនកំលោះរបស់ខ្លួន។
តាមព័ត៌មានបានឱ្យដឹងថា កូនកំលោះកូនក្រមុំជនជាតិចិនគូនេះ បានដឹកដៃគ្នាចូលរោងការតាមការកំណត់ ហើយខណៈនៅក្នុងពិធី ពួកគេក៏បានឡើងទៅលើឆាក ដើម្បីនិយាយអរគុណសំណេះសំណាលជាមួយភ្ញៀវ ដោយមានពិធីករមួយរូបជាអ្នកចាំសួរនាំសម្របសម្រួលឱ្យផងដែរ។ យ៉ាងណាមិញ មើលទៅខាងពិធីករហាក់និយាយច្រើនពេក ក៏ធ្លោយមាត់ទៅនិយាយបែបលេងបង្អាប់មិនសមរម្យទៅកូនកំលោះ ដែលធ្វើឱ្យកូនក្រមុំចេញមុខប្រតិកម្មភ្លាមៗតែម្តង។
ក្រោយពីបានឮបែបនេះហើយ នាងមិនអាចទប់កំហឹងបានឡើយ ក៏បានងាកឆ្វាច់ ទៅទះកំផ្លៀងពិធីករមួយដៃបានភ្លែត រួចថែមស្រែកជេរស្តីឱ្យញាប់មាត់ស្អេក ធ្វើឱ្យកូនកំលោះទប់ឃាត់សឹងមិនជាប់។ យ៉ាងណាមិញ មហាជន ម្នាក់ៗនាំគ្នានិយាយកាន់ជើងកូនក្រមុំសឹងតែគ្រប់គ្នា ព្រោះគេគិតថាក្នុងពិធីមង្គលមួយទាំងមូលមិនគួរមកនិយាយពាក្យមិនសមរម្យ ជាពិសេសគឺទៅកាន់ម្ចាស់កម្មពិធីឡើយ៕