នៅមិននៅទៅចតឡានកណ្តាលផ្លូវមិនខ្វល់អ្នកណា មានអីគេយកសំរាមដាក់ពេញលើឡាន ស្អុយគគ្រុក
មានរឿងរ៉ាវមួយ បាន និង កំពុងធ្វើឱ្យមានការហួសចិត្តមិនធម្មតាឡើយ ដោយមានម្ចាស់ឡានមួយរូបចរិកខ្មើតខ្លាំង យកឡានទៅចតកណ្តាលផ្លូវមិនខ្វល់គេឯង ចុងក្រោយគេនាំគ្នាខឹងយកសំរាមទៅចោលពេញឡានស្អុយគគ្រុក។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដោយឡានទំនើបមួយគ្រឿងត្រូវបានម្ចាស់ដកផ្លាកលេខចេញ ដើម្បីមិនឱ្យអស់លុយថ្លៃពិន័យ ហើយក្រោយមកក៏បានយកទៅចតនៅកណ្តាលផ្លូវ ជាកន្លែងដែលគេហាមមិនឱ្យចតទៀតផង។ សកម្មភាពរបស់ម្ចាស់ឡានបានធ្វើឱ្យមហាជននៅក្បែរនោះ ឃើញហើយមួម៉ៅខ្លាំងណាស់ មិនយូរប៉ុន្មានក៏មានគេយកសំរាមមួយថង់មកបោះចោលចំមុខឡាន ប្រហែលជាចង់ឌឺដងឱ្យម្ចាស់ឡាន ដែលចតមិនចេះមើលសាធារណៈនោះ។
ក្រោយមក ស្រាប់តែមានអ្នកផ្សេងៗទៀតកាន់សំរាមម្នាក់មួយថង់ៗ មកចោលបន្តបន្ទាប់មិនដាច់ រហូតធ្វើឱ្យឡានទាំងមូលពោរពេញទៅដោយសំរាម ហូរទឹកស្អុយគគ្រុកពិបាកមើល។ យ៉ាងណាមិញ រឿងរ៉ាវមួយនេះក៏បានគេយកមកបង្ហោះ ហើយក៏មានមហាជនជាច្រើនចូលបញ្ចេញមតិថា ការធ្វើបែបនេះពិតជាសមណាស់ គួរតែដាក់ទោសម្ចាស់ឡាន ដែលមិនដឹងមិនស្គាល់កន្លែងចត ឯអ្នកខ្លះទៀតក៏លើកឡើងថា ការធ្វើបែបនេះអាចជាការខុសច្បាប់ ព្រោះអាចធ្វើឱ្យខូចខាតដល់ឡាន ដែលនៅក្នុងច្បាប់គឺជាការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ៕