រៀបការហើយចូលផ្ទះបាន ៦ ម៉ោង សុំប្ដីថាទៅជួបពួកម៉ាកមួយភ្លែត មានអីទៅបាត់ ២១ ឆ្នាំ
រឿងរ៉ាវហួសចិត្តមួយកំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គម ក្រោយមានករណីបុរសជនជាតិតៃវ៉ាន់ម្នាក់ ត្រូវភរិយាទើបរៀបការថ្មីថ្មោងចូលផ្ទះបានតែ ៦ ម៉ោង បែរជាសុំទៅជួបមិត្តភក្ដិមួយភ្លែត ហើយក៏បាត់ដល់ទៅ ២១ ឆ្នាំ។
តាមការចុះផ្សាយរបស់ព័ត៌មាន CTWANT បានរៀបរាប់ឱ្យដឹងថា ៖ «លោក និង ភរិយាបានស្គាល់គ្នាតែជាង ១ ខែតែប៉ុណ្ណោះ ហើយក៏សម្រេចចិត្តរៀបការ និង ចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា។ ក្រោយរៀបការរួចលោកក៏សម្រេចចិត្តនាំនាងមករស់នៅតៃវ៉ាន់ជាមួយគ្នា ដោយបានទៅបំពេញបែបបទហើយគ្រប់យ៉ាង»។
«ពេលនាំប្រពន្ធចូលដល់ផ្ទះបាន ៦ ម៉ោង ស្រាប់តែស្ត្រីជាភរិយាបាននិយាយថា សុំចេញក្រៅមួយភ្លែត ទៅជួបមិត្តភក្ដិ ហើយលោកក៏ព្រមឱ្យទៅដោយភ្លេចគិតថានាងទើបតែមកតៃវ៉ាន់ វាទៅរួចយ៉ាងម៉េចដែលនាងមានមិត្តនៅជិតនេះ។ ចាប់តាំងពីឱ្យនាងទៅគឺថាបាត់សូន្យមិនឃើញនាងវិលត្រលប់មកផ្ទះវិញឡើយ»។
«លោកបានព្យាយាមស្វែងរកនាងអស់រយៈពេល ១ ឆ្នាំកន្លះ ប៉ុន្ដែនៅតែរកមិនឃើញ ហើយក៏បានដាក់ពាក្យប្ដឹង ចូលតុលាការដើម្បីលែងលះ និង ស៊ើបអង្កេត។ នៅទីបំផុតតុលាការ ក៏បានបើកការស៊ើបអង្កេតដោយឆែកកំណត់ត្រាចេញចូលប្រទេស ហើយគេបានរកឃើញថានាងបានចូលតៃវ៉ាន់នៅខែតុលា ឆ្នាំ ២០០២ តែនាងក៏បានចេញទៅវិញនៅខែមីនា ឆ្នាំ ២០០៣ ដោយនាងស្នាក់នៅតៃវ៉ាន់បានត្រឹមតែ ៥ ខែប៉ុណ្ណោះ។
មកទល់ពេលនេះគេពុំដឹងទេថានាងនៅទីណា តែតុលាការបានកោតសរសើរការរង់ចាំរបស់បុរសជាប្ដីដែលមិនព្រមដាក់ពាក្យលែងលះតាំងពីយូរ ហើយសើរើរឿងនេះឡើង។ នៅទីបំផុតតុលាការបានកាត់ក្ដីអនុញ្ញាតឱ្យលែងលះ ទោះគ្មានភាគីម្នាក់ទៀតចូលរួមក៏ដោយ ដោយអនុញ្ញាតឱ្យបុរសនោះមានសេរីភាពមិនមានចំណងអាពាហ៍ពិពាហ៍ ចំណែកអេតាស៊ីវិលដែលចុះរួចគឺត្រូវចាត់ទុកជាអសារបង់»៕