មេឃក្ដៅពេកទៅផឹកស្រាឱ្យត្រជាក់ចិត្ត មានឯណាក្ដៅអន្ទះអន្ទែងលើសដើម រហូតរត់ទៅងូតទឹកទន្លេតែភ្លាត់ស្នៀតក៏លង់អស់បុណ្យ
ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមវៀតណាម ក្រោយមានករណីបុរសម្នាក់មេឃក្ដៅទៅផឹកស្រាឱ្យត្រជាក់ចិត្ត តែមានអីផឹកហើយកាន់តែក្ដៅក្នុងខ្លួន ដោះអាវលោតទឹកតែត្រូវភ្លាត់ស្នៀតបាត់បង់ជីវិត។
ហេតុការណ៍មួយនេះបានកើតឡើងនៅថ្ងៃទី ២២ ខែមេសា នៅចំណុចក្បែរទន្លេ Saigon ទីក្រុងហូជីមិញ ប្រទេសវៀតណាម វេលាម៉ោង ១០ យប់។ អ្នកស្លាប់ត្រូវបានគេហៅកាត់ថា P រស់នៅតំបន់ Thu Duc ក្នុងទីក្រុង Ho Chi Minh ដោយមុនកើតហេតុ បន្ទាប់ពីចេញពីធ្វើការបុគ្គល P បានបបួលមិត្តភក្ដិ និង បងប្អូន ២ ទៅ ៣ នាក់ មកផឹកស្រាជុំគ្នាដើម្បីសប្បាយរីករាយ និង បំបាត់ភាពក្ដៅស្អុះ ព្រោះតែអាកាសធាតុ។
អ្នកទាំងអស់គ្នាបានរើសទីតាំងនៅក្បែរទន្លេ Saigon ដើម្បីជួបជុំគ្នា ដោយផឹកយូរទៅមេឃកាន់តែហប់ក្ដៅ ហើយក្នុងខ្លួនក៏មិនត្រជាក់ដូចការប៉ងទុក ស្រាប់តែបុគ្គល P ដោះអាវហើយក៏លោតចូលទឹកទន្លេប្រូង ដើម្បីងូតទឹកឱ្យត្រជាក់កាយ។
ស្រាប់តែមួយសន្ទុះក្រោយមក មិត្តភក្ដិដែលផឹកជុំគ្នាបានបាត់សំឡេងបុគ្គលឈ្មោះ P ក៏ចាប់ផ្ដើមឆោឡោស្រែករក ហើយប្រញាប់ទៅប្ដឹងប៉ូលិសដើម្បីស្វែងរកជំនួយ ប៉ុន្ដែគេមិនអាចរកឃើញសាកសពរបស់លោកឡើយ។ លុះនៅថ្ងៃ ២៤ ខែមេសា វេលាម៉ោង ១០ ព្រឹក ទើបគេបានប្រទះឃើញសាកសព P អណ្ដែតឡើងមក ហើយក៏បានស្រង់នឹងបញ្ជូនសាកសពទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕