ឈ្លោះគ្នាបែកផ្សែង! បណ្ដោយកូនឱ្យឆូតឡានស៊េរីថ្មីគេខ្ទេច ហើយឆ្លើយការពារកូនយ៉ាងហួសចិត្ត
ថ្មីៗនេះ រឿងរ៉ាវហួសចិត្តមួយបានផ្ទុះពេញបណ្ដាញសង្គមចិន ក្រោយមានករណីឪពុកម្ដាយបណ្ដោយឱ្យកូនប្រុសអាយុ ៦ ឆ្នាំខ្លួនរត់លេង ហើយទៅឆូតឡានគេអស់ជាច្រើនឆ្នូត នៅពេលម្ចាស់ឡានរករឿងបែរជាឆ្លើយហីមិនដឹងថា កូនខ្លួននៅក្មេងមិនទាន់ដឹងអ្វី។
ហេតុការណ៍មួយនេះ បានកើតឡើងនៅឯទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ដោយស្ត្រីជាម្ចាស់ឡានឈ្មោះថា Liao បានរៀបរាប់ថា៖ «ឡាននាងគឺជាឡាន Mercedes Benz ពណ៌ក្រហម ហើយកាលពី ២ ៣ ថ្ងៃមុន នាងក៏បានយកឡានទៅចតនៅកន្លែងផ្ញើឡានចោល ដោយពុំបានយកវាមកជិះ»។
«លុះពេលដែលនាងទៅយកឡានមកប្រើវិញ ស្រាប់តែស្លុតហួសវាចាគឺឡាននាងឃើញសុទ្ធតែស្នាមឆូត ហើយក៏បានទៅឆែកកាមេរ៉ាសុវត្ថិភាព ឃើញក្មេងប្រុសដែលរស់នៅអគារជាមួយខ្លួនគឺជាអ្នកបង្ក។ នាងក៏បានទៅនិយាយតវ៉ាជាមួយឪពុកម្ដាយក្មេង ដើម្បីទាមទារសងការជួសជុល ស្រាប់តែឪពុកម្ដាយក្មេងនោះបែរជាឆ្លើយថា កូននៅក្មេងមិនទាន់ដឹងខ្យល់ទេ ប្រកាន់ក្មេងធ្វើអ្វី»។
«ពេលឮពាក្យទាំងនេះ នាងហាក់ហួសចិត្តជាខ្លាំង ដោយតបថាចុះហេតុអ្វីពេលកូនរត់លេងឡើងលើឡាន ឆូតចុះឆូតឡើង អ្នកនៅទីនោះដែរ ម្ដេចមិនមើលក្មេងហើយហាមឃាត់ ដល់ពេលនេះបែរជាថាក្មេងមិនដឹងអ្វី? ជាឪពុកម្ដាយបែបម៉េច?»។
ក្រោយឈ្លោះគ្នាមួយសន្ទុះ Liao បានថតរូបភាពឡានខ្លួនដើម្បីផ្ញើទៅជាងជួសជុលដោយគិតថ្លៃអស់ ៩ ៦០០ យ័ន (ប្រមាណ ១ ៣៩០ ដុល្លារ) តែឪពុកម្ដាយក្មេងនោះប្រកែកថាបង់ថ្លៃឱ្យតែ ២ ០០០ យ័ន ( ២៨៩ ដុល្លារ) តែប៉ុណ្ណោះ ដោយពោលថា៖ «នាងជាអ្នកចតឡានចោលខ្លួនឯង ក្មេងលេងតែក្មេង»។
Liao ហាក់គាំងរកនិយាយមិនចេញ ដោយបានត្រឹមពោលថា៖ «តាំងពីកើតមក នាងមិនដែលបានជួបមនុស្សណាគ្មានការអៀនខ្មាស និងទំនួលខុសត្រូវបែបនេះទេ។ ហើយថែមទាំងជាមនុស្សរស់នៅអគារតែមួយទៀត»៕