ប្ដីកំហូច! យកលុយទៅលាក់ក្នុងតុក្កតា ចងកៅស៊ូយ៉ាងស្អាតមិនឱ្យប្រពន្ធដឹង ទីបំផុតនៅតែបែកការ
គេសង្កេតឃើញថា ជីវិតក្រោយរៀបការភាគច្រើន បុរសតែងប្រមូលប្រាក់ចំណូលខ្លួនឱ្យប្រពន្ធជាអ្នកទុកដាក់ ហើយក៏សុំនាងមួយចំនួនដើម្បីចាយវាយ ពេលខ្លះក៏មានករណីបុរសជាស្វាមីលួចកឹបទុកប្រាក់ចំណូលមួយចំនួនមិនឱ្យប្រពន្ធដឹងផងដែរ។
ជាក់ស្ដែងថ្មីៗនេះ មានករណីប្ដីកំហូចជនជាតិវៀតណាម លួចលាក់លុយនៅក្នុងតុក្កតារបស់កូនដោយមិនឱ្យប្រពន្ធដឹង ហើយលាក់បានឡើងមួយបាច់ចងកៅស៊ូយ៉ាងស្អាត ទម្រាំបែកការ។
តាមការរៀបរាប់របស់ស្ត្រីជាភរិយាបានឱ្យដឹងថា ៖ «យើងមានតុក្កតារូបដំរីមួយដែលជាសំណព្វចិត្តរបស់កូន និង ប្ដីខ្ញុំ ដោយកូនខ្ញុំតែងឱបវាជាប្រចាំពេលគេគេង។ ដោយឃើញវាហាក់ប្រែពណ៌រាងចាស់ ខ្ញុំក៏បានសម្រេចចិត្តថាយកវាទៅបោក ដោយមិនមែនម្ដងគឺច្រើនលើក ប៉ុន្ដែប្ដីខ្ញុំតែងចូលមកហាម ដោយថាអាចនឹងប្លែកក្លិនកូនមិនទម្លាប់ជាដើម។ ដោយកើតការសង្ស័យ ថាមានអ្វីលាក់បាំង ខ្ញុំក៏សម្រេចចិត្តយកវាទៅបោក នៅពេលដែលពួកគេមិននៅហើយក៏បានរកឃើញថាមានលុយក្រដាស ២០ ម៉ឺនដុងមួយដុំនៅក្នុងនោះ ដែលពេលនោះហើយការពិតបានលាតត្រដាងឡើង»៕