ខំទៅបង់រំលោះ Iphone ដើម្បីអូន បានតែ ៣ ខែអូនសុំបែក បងសល់តែបំណុលរុំខ្លួន
នៅពេលដែលអ្នកស្រឡាញ់អ្នកណាម្នាក់ ការលះបង់ចំពោះស្នេហាគឺធំធេងណាស់ ព្រោះតែអ្នកចង់ក្លាយជាចំណែកមួយក្នុងជីវិតដៃគូម្នាក់ទៀត តែយ៉ាងណាមិញមិនប្រាកដទេថារាល់ការលះបង់សុទ្ធតែទទួលបានផលតបស្នងល្អមកវិញ។
ជាក់ស្ដែងថ្មីៗនេះ មានករណីបុរសម្នាក់ដែលធ្វើការជាកម្មករ ខំប្រឹងត្រដរប្រមូលលុយសន្សំទៅបង់រំលោះទូរស័ព្ទ Iphone ផ្គាប់ចិត្តនារីជាគូស្នេហ៍ តែបានត្រឹម ៣ ខែនាងក៏សុំបែក ហើយបោះពាក្យថានាងមិនបានបង្ខំឱ្យទិញទេ គឺលោកជាអ្នកស្ម័គ្រចិត្តដែលបច្ចុប្បន្នសល់ត្រឹមបំណុលរុំខ្លួន។
ហេតុការណ៍័នេះ បានកើតឡើងនៅឯប្រទេសវៀតណាម ដោយបុរសរូបនោះបានរៀបរាប់ថា៖ «ខ្ញុំធ្វើការជាកម្មករនៅរោងចក្រមួយកន្លែង គ្រួសារខ្ញុំមិនសូវធូរធារឡូយឆាយប៉ុន្មានទេ ដោយខ្ញុំបានឈប់រៀនហើយធ្វើការរោងចក្រតាំងពីអាយុ ១៨ ឆ្នាំ ខ្ញុំគ្មានឡានជិះទេ គឺមានតែម៉ូតូមួយគ្រឿង»។
«ខ្ញុំបានស្គាល់សង្សារខ្ញុំ នៅពេលដែលយើងផ្លាស់ប្ដូរមករស់នៅទីក្រុង ដោយនាងជាអ្នកធ្វើការនៅកន្លែងផ្សេងប៉ុន្ដែនៅតំបន់ក្បែរគ្នា។ នៅពេលមួយនាងបានបង្ហោះសារ ដោយភ្ជាប់រូបទូរស័ព្ទ Iphone រៀបរាប់ថា៖ «ជីវិតខ្ញុំមិនដែលមានបដិហារកើតឡើងទេ ក្រនៅតែក្រ ការប៉ងចង់បាន បានត្រឹមតែស្រមៃ»។
«ដោយមានបំណងឱ្យនាងភ្ញាក់ផ្អើល ម្យ៉ាងចិត្តស្រឡាញ់នាងពន់ពេកខ្ញុំក៏បានយកលុយសន្សំទាំងប៉ុន្មានទៅដាក់ពាក្យបង់រំលោះទូរស័ព្ទនោះជាកាដូឱ្យនាង។ ប៉ុន្ដែក្ដីសុខវាមិនបានយូរទេ ស្រាប់តែអំឡុងខែទី ២ ខ្ញុំមានអារម្មណ៍នាងប្លែកឆាប់ខឹង និងរករឿងជាងមុនលែងសូវចង់នៅក្បែរ ហើយមិនយូរប៉ុន្មាននាងក៏សុំបែក ទាំងដែលទើបទាក់ទងគ្នាបាន ៣ ខែ។ បន្ទាប់ពីបែកគ្នា នាងក៏បានបោះពាក្យសម្ដីថា នាងមិនពាក់ព័ន្ធចំពោះរឿងសងបំណុលនោះទេ ដោយនាងមិនបានដឹង ហើយក៏មិនបានបង្ខំខ្ញុំឱ្យទិញទូរស័ព្ទឱ្យនាងដែរ គឺខ្ញុំទេជាអ្នកស្ម័គ្រចិត្ត។ ហើយមកទល់ពេលនេះ ខ្ញុំនៅតែសងបំណុលថ្លៃទូរស័ព្ទនោះជារៀងរាល់ខែ ទាំងដែលខ្លួនឯងមិនបានប្រើ ហើយថែមទាំងបាត់បង់ម្ចាស់ទូរស័ព្ទទៅទៀត»៕