កូរ៉េខាងត្បូង ប្រកាសផ្តល់ ៥០០ ដុល្លាររាល់ខែ ដល់យុវវ័យចូលចិត្តនៅស្ងប់ស្ងាត់ ឱ្យមកចូលសង្គមរីករាយនឹងគេវិញ
តាមការចេញផ្សាយពីសារព័ត៌មាន CNN បានឱ្យដឹងថា ក្រសួងសមភាពយេនឌ័រ និង គ្រួសារនៃប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ពួកគេនឹងធ្វើការជូនប្រាក់ចំនួន ៦៥ ម៉ឺនវ៉ុន (ប្រមាណ ៥០០ ដុល្លារ) ក្នុងមួយខែដល់យុវវ័យណាដែលចូលចិត្តនៅតែឯងពោរពេញដោយភាពឯកា ឱ្យវិលត្រឡប់ចូលក្នុងសង្គមជាមួយគេឯងវិញ ជាមួយគោលបំណងជួយពួកគេឱ្យមានស្ថេរភាពផ្លូវចិត្ត ផ្លូវអារម្មណ៍ និង ការលូតលាស់ប្រកបដោយសុខភាពល្អ។
ស្រង់របាយការណ៍ពី Korea Institute for Health and Social Affairs ខាងក្រសួងបានឱ្យដឹងថា ប្រមាណជិត ៣.១ ភាគរយនៃជនជាតិកូរ៉េអាយុចន្លោះពី ១៩ ទៅ ៣៩ ឆ្នាំ គឺ សុទ្ធតែជាមនុស្សឯកាចូលចិត្តនៅតែឯងៗ ផ្ដាច់ទំនាក់ទំនងពីសង្គមខាងក្រៅ ហើយក្នុងចំណោមអ្នកដែលផ្ដាច់ខ្លួនឯកោទាំងនោះ ៤០ ភាគរយ គឺចាប់ផ្ដើមផ្ដាច់ខ្លួនតាំងពីវ័យជំទង់ទៅ។ បញ្ហាដែលអ្នកទាំងនោះប្រឈមមានដូចជា បញ្ហាហិរញ្ញវត្ថុ ជំងឺផ្លូវចិត្ត បញ្ហាគ្រួសារ ឬ បញ្ហាសុខភាពជាដើម។
ចំពោះវិធានការថ្មីនេះដែរ គឺផ្ដោតសំខាន់ជាពិសេសលើក្មេងៗយុវវ័យ ក្នុងបំណងជួយដល់អ្នកដែលផ្ដាច់ខ្លួនខ្លាំងពីសង្គម ក៏ដូចជាអ្នកដែលប្រឈមនឹងការដើរផ្លូវខុស និង មិនមានអាណាព្យាបាល ឬ ការការពារពីសាលា។ ចំនួនទឹកប្រាក់ប្រចាំខែនេះដែរ នឹងបើកឱ្យក្មេងៗឯកោអាយុចន្លោះពី ៩ ទៅ ២៤ ឆ្នាំ ដែលរស់នៅក្នុងផ្ទះមានសមាជិក ៤ នាក់ មានប្រាក់ចំណូលរកបានក្រោមចំណូលជាតិប្រមាណ ៤១៦៥ ដុល្លារក្នុងមួយខែ។
យុវវ័យក្នុងប្រទេសទាំងអស់អាចដាក់ពាក្យសម្រាប់កម្មវិធីថ្មីនេះបាន នៅឯមណ្ឌលសុខុមាលភាពរដ្ឋបាលមូលដ្ឋាន ឬក៏ខាងអាណាព្យាបាល អ្នកប្រឹក្សា ឬ គ្រូៗក៏អាចដាក់ពាក្យជំនួសពួកគេបានផងដែរ៕