រកបានសង្សារមួយឃើញស្លៀកពាក់មិនសមភ្នែក ទាត់ចោលរកអ្នកថ្មី មានអីអង្គុយស្តាយ ព្រោះគេជាអ្នកមានលាក់មុខ
រឿងហួសចិត្តមួយកំពុងផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គម ក្រោយមានករណីនារីម្នាក់បានជ្រុលជ្រួសក្បត់សង្សារអ្នកមានទ្រព្យដោយមិនដឹងខ្លួន បែរទៅរកគូស្នេហ៍ថ្មីប៉ះចំបុរស Playboy មិនចេះស្មោះដូចគ្នា ដែលបានត្រឹមអង្គុយស្ដាយក្រោយតូចចិត្ត។
រឿងមួយនេះបានកើតនៅឯប្រទេសចិន ដោយនារីវ័យ ២៥ ឆ្នាំម្នាក់ ឈ្មោះ Caixiang បានរៀបរាប់ថា ៖ «ខ្ញុំបានស្គាល់បុរសម្នាក់តាមអនឡាញ ហើយពួកយើងក៏ណាត់ជួបគ្នា និង មានអារម្មណ៍ថាចុះសម្រុងគ្នាពួកយើងក៏ទាក់ទងគ្នា។ អំឡុងពេលទាក់ទងគ្នា ខ្ញុំមិនបានដឹងទេថាគាត់ជាកូនអ្នកណា ធ្វើការងារអ្វី ដោយភាគច្រើនណាត់ជួបគ្នាញ៉ាំអាហារពេលល្ងាច ទៅមើលកុន ហើយក៏បន្ដផ្ញើសាររកគ្នា»។
«ពេលជួបគ្នា ខ្ញុំឃើញគាត់តែស្លៀកពាក់បែបធម្មតាអាវយឺតខោខ្លី ដោយមិនសូវឡូយឆាយ ហើយខ្ញុំខ្លួនឯងផ្ទាល់គឺជាមនុស្សចូលចិត្តបុរសឡូយឆាយ។ ទាក់ទងគ្នាមិនយូរប៉ុន្មានខ្ញុំបានស្គាល់បុរសម្នាក់ទៀត ក៏ហាក់មានចិត្តចង់បានគេ ទើបសម្រេចចិត្តថារក្សាទុកទាំងពីរ ប៉ុន្ដែសង្សារក្រោយនេះគឺជាបុរសហាយសូរ មានលុយ មានឡានទំនើបតែងនាំនាងទៅញ៉ាំអាហារនៅហាងថ្លៃៗ ដែលធ្វើឱ្យនាងហាក់ឃ្លាតឆ្ងាយពីសង្សារទីមួយបន្ដិចម្ដងៗ»។
«មិនយូរប៉ុន្មានរឿងក៏បានបែកការ ហើយខ្ញុំក៏បានសម្រេចចិត្តយកអ្នកក្រោយដោយចោលបុរសទីមួយ ប៉ុន្ដែការសម្រេចចិត្តមិនសមបំណងដូចការគិតទុកឡើយ នៅពេលដែលទាក់ទងកាន់តែយូរជាមួយសង្សារក្រោយ ខ្ញុំបានរកឃើញថាគាត់ជាព្រាននារីហាយសូរ ដោយគាត់មិនមែនមានតែខ្ញុំម្នាក់ទេ គឺមានសង្សារច្រើននាក់ ដែលធ្វើឱ្យខ្ញុំឈឺចាប់ និង ខកចិត្តជាខ្លាំង។ ស្របពេលជាមួយគ្នានេះដែរ ខ្ញុំបែរជាចៃដន្យឃើញសង្សារចាស់ខ្ញុំ ចេញពីអគារក្រុមហ៊ុនល្បីឈ្មោះមួយ ដោយគេមិនត្រឹមតែតែងខ្លួនសង្ហាទេ ថែមទាំងជិះឡានទំនើបជាងសង្សារក្រោយនេះទៅទៀត។ មិនត្រឹមតែប៉ុណ្ណឹង នៅពេលដែលខ្ញុំតាមស៊ើបសួរ និង ឆែកប្រវត្តិគឺកាន់តែធ្វើឱ្យខ្ញុំស្ដាយក្រោយនៃការសម្រេចចិត្តខុស ព្រោះតែគាត់ជាកូនម្ចាស់ក្រុមហ៊ុនមានទ្រព្យសម្បត្តិហូរហៀរ ហើយសព្វថ្ងៃគាត់មានតួនាទីជាអ្នកគ្រប់គ្រងក្រុមហ៊ុនទៀត។ ពេលនេះខ្ញុំបានត្រឹមអង្គុយស្ដាយក្រោយ មានវិប្បដិសារីដែលខ្លួនឯងសម្រេចចិត្តខុស ព្រោះអ្នកក្រោយក៏បានបែកចិត្តទៅយកអ្នកថ្មី ចំណែកអ្នកមុនក៏មិនអាចវិលត្រឡប់ដូចដើមបាន»៕