ភ័យបះសក់ច្រូង ទៅចុះអេតាស៊ីវិល ស្រាប់តែស្មៀនឱ្យឯកសារខុស ស៊ីញ៉េការជាមួយឈ្មោះអ្នកផ្សេង
ថ្មីៗនេះ ផ្ទុះរឿងអស់សំណើចពេញបណ្ដាញសង្គម ក្រោយមានករណីប្ដីប្រពន្ធថ្មីថ្មោងមួយគូ ដឹកដៃគ្នាទៅចុះអេតាស៊ីវិល ប៉ុន្ដែចៃដន្យស្មៀនឃុំបានឱ្យឯកសារខុសឈ្មោះ បែរជាទៅចុះហត្ថលេខារៀបការជាមួយអ្នកផ្សេងធ្វើឱ្យភ័យបុកពោះ។
ហេតុការណ៍មួយនេះ បានកើតឡើងនៅឯប្រទេសវៀតណាម ដោយបុរសជាស្វាមីបានរៀបរាប់ថា៖ «ខ្ញុំភ័យជាខ្លាំង ហើយក៏បានទៅអង្វរបុគ្គលិកនៅឃុំដើម្បីឱ្យជួយសម្រួល បន្ទាប់ពីពិនិត្យឡើងវិញឃើញថាខ្ញុំបានចុះអេតាស៊ីវិលខុស ដោយទៅរៀបការជាមួយឈ្មោះអ្នកផ្សេងដែលមិនមែនជាប្រពន្ធខ្ញុំ»។
«ខ្ញុំនឹកស្មានថា ខ្លួនឯងបានបាត់ប្រពន្ធ ហើយត្រូវទៅរស់នៅជាមួយអ្នកផ្សេងទៅហើយ ប៉ុន្ដែពេលទៅជួបស្មៀនម្ដងទៀត ទើបពួកគេបានសុំទោសហើយនិយាយថា ជាកំហុសរបស់ពួកគេ ដោយបានឱ្យឯកសារមកខ្ញុំខុស ហេតុដូចនេះពួកគេនឹងប្ដូរថ្មីជូន ហើយតម្រូវឱ្យពួកយើងចុះហត្ថលេខា និងផ្ដិតមេដៃជាថ្មីដោយផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ»៕