ថៃដាក់បម្រាម ៩ យ៉ាង នៅថ្ងៃចូលឆ្នាំថ្មី មានការហាមលេងម្សៅ លក់គ្រឿងស្រវឹង និង ហាមថតរូបស៊ីអារម្មណ៍
កៀកថ្ងៃចូលឆ្នាំថ្មី ឬ ពិធីបុណ្យសង្ក្រាន្ត គេសង្កេតឃើញទីតាំងកម្សាន្តជាច្រើនក្នុងប្រទេសថៃ ចាប់ផ្ដើមតុបតែងលម្អដើម្បីទាក់ទាញភ្ញៀវទេសចរ មិនថាជាភ្ញៀវជាតិ ឬ អន្តរជាតិនោះឡើយ។
យ៉ាងណាមិញ ក្នុងការវិលត្រឡប់មកធ្វើសង្ក្រាន្តឆ្នាំថ្មីបន្ទាប់ពីខកខានអស់ជិត ៤ ឆ្នាំ រាជរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសហាមឃាត់ចំណុចចំនួន ៩ មានដូចជា៖
១. ហាមលក់ភេសជ្ជៈមានជាតិអាល់កុល ឬ គ្រឿងស្រវឹង ក្នុងតំបន់ហាមឃាត់ដូចជា វត្តអារាម កន្លែងបូជាសាសនា ជុំវិញមណ្ឌលសុខភាព ស្ថានីយ៍ប្រេងឥន្ធនៈ សួនច្បារ ស្ថានីយរថភ្លើង និង កំពង់ផែដឹកជញ្ជូន។
២. ហាមលក់ភេសជ្ជៈមានជាតិអាល់កុល ឬ គ្រឿងស្រវឹងក្រៅម៉ោងកំណត់ ម៉ោងដែលអាចលក់បានគឺចន្លោះពីម៉ោង ១១ ព្រឹកដល់ម៉ោង ២ រសៀល និង ពេលល្ងាចចាប់ពីម៉ោង ៥ ដល់ម៉ោង ១២ យប់។
៣. ហាមលក់ភេសជ្ជៈមានជាតិអាល់កុល ឬ គ្រឿងស្រវឹងដល់មនុស្សក្រោមអាយុ ២០ ឆ្នាំ។
៤. ហាមបើកបរពេលស្រវឹង។
៥. ហាមថតរូបអាក្រាតនៅកន្លែងសាធារណៈ។
៦. ហាមដឹកអ្នកដំណើរលើសចំនួនកំណត់នៅខាងក្រោយរថយន្ដមួយក្បាំងកន្លះ (ភីកអាប់)។
៧. ហាមចាក់ធុងបាស ឬ ឧបករណ៍បំពងសំឡេងខ្លាំងហួសហេតុនាំឱ្យរំខាន។
៨. ហាមលេងម្សៅ។
៩. ហាមលេងកាំភ្លើងបាញ់ទឹកដែលមានសម្ពាធខ្ពស់៕