ទោះក្រទ្រព្យ តែអ៊ំស្រីចិត្តធម៌តស៊ូលាងចានឱ្យគេ យកលុយចិញ្ចឹមឆ្កែពិការ ៣ ឆ្នាំ
ស្ត្រីវ័យចំណាស់មួយរូបបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសបណ្ដាអ្នកស្រឡាញ់សត្វចិញ្ចឹម កោតសរសើរមិនដាច់ពីមាត់នូវទឹកចិត្តដ៏ល្អប្រពៃរបស់អ៊ំស្រី ដោយសារតែគាត់គ្មានទ្រព្យសម្បត្តិ រស់នៅតាមសំយាបផ្ទះគេ តែតស៊ូរកប្រាក់ចិញ្ចឹមមើលថែសត្វឆ្កែពិការជាទីស្រឡាញ់របស់ខ្លួន ជារឿងដ៏គួរឱ្យគោរពសរសើរបំផុត។
រឿងរ៉ាវរបស់អ៊ំស្រីចិត្តធម៌ ជាមួយសត្វឆ្កែពិការដ៏កម្សត់ ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះថា Sofin SO ដែលស្ត្រីរូបនេះបានបង្ហោះឱ្យដឹងថា ៖ «មិនដឹងថាគួរសរសើរទឹកចិត្តអ៊ំបែបណាទេ គាត់តស៊ូចញ្ចឹមមើលថែសត្វពិការរបស់គាត់មក ៣ ឆ្នាំហើយ ដោយមិនបោះបង់គ្នា ទោះពួកគាត់រស់នៅតាមសំយាបហាងគេ ដាក់ប៉ៅអ៊ីសម្រាក ដោយគាត់ជាអ្នកលាងចានឱ្យគេ ដើម្បីរកចិញ្ចឹមសត្វគាត់។ គាត់សុខចិត្តអត់ខ្លួនឯងឱ្យតែបានគ្នាញាំ សត្វគាត់ ដេកនៅមួយកន្លែងរយៈពេល ៣ ឆ្នាំហើយ គាត់មើលថែអនាម័យបានល្អណាស់»។
ម្ចាស់គណនីបានបន្តឱ្យដឹងទៀតថា ៖ «មុននេះ ខ្ញុំបានត្រឹមជួយគ្នាយកមកពេទ្យពិនិត្យ នឹងជូនប្រាក់គាត់តិចតួចសម្រាប់ទិញអាហារឆ្ងាញ់ៗឱ្យគ្នា។ បងប្អូនអាណិតពួកគាត់ អាចជួយគាត់ម្នាក់បន្តិចបានជាចំណីអាហារ ឬ ថវិកា ក៏បាន ខ្ញុំនឹងយកទៅជូនគាត់ម្តងទៀត 098 394 268»៕