(វីដេអូ) មួយជាតិការម្ដង កូនក្រមុំពួយអស់ដៃលេងសុទ្ធជិះគ្រែស្នែងហង្សហោះ ផ្អើលអស់ភ្ញៀវចូលរួម
ពិធីមង្គលការគឺជាពេលវេលាដ៏មានន័យ និង គួរឱ្យចងចាំបំផុតក្នុងជីវិត ហើយយើងសង្កេតឃើញថាមានកូនក្រមុំកំលោះភាគច្រើន តែងប៉ងធ្វើអ្វីប្លែកខុសពីគេដើម្បីឱ្យពិធីមង្គលរបស់ពួកគេកាន់តែសប្បាយរីករាយ និង ជាអនុស្សាវរីយ៍ល្អបំផុតដល់ជីវិតគូ និង អ្នកចូលរួម។
ជាក់ស្ដែងថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមចិន ក្រោយមានករណីកូនក្រមុំថ្មីថ្មោង ជិះគ្រែស្នែងហង្សហោះបង្ហាញខ្លួនមកទទួលភ្ញៀវពេលល្ងាច ធ្វើឱ្យផ្អើលអស់ភ្ញៀវចូលរួម។
ហេតុការណ៍មួយនេះបានកើតឡើងនៅឯទីក្រុង Handan ខេត្ត Hebei ប្រទេសចិន ដោយពិធីមង្គលការនេះត្រូវបានរៀបចំនៅសណ្ឋាគារមួយកន្លែង។ ដោយចង់ឱ្យពិធីខ្លួនមានការភ្ញាក់ផ្អើល និង ប្លែកខុសពីគេ កូនក្រមុំផ្ទាល់បានសម្រេចចិត្តលុបចោលការដើរបង្ហាញខ្លួនណែនាំទៅកាន់ភ្ញៀវកិត្តិយស ជំនួសឱ្យការជិះគ្រែស្នែងហង្ស ដោយមានចងខ្សែរ៉តសម្រាប់ឱ្យវាធ្វើដំណើរទៅមុខ ដែលមើលទៅដូចជាការហោះហើរពិតៗ។
គេបានរកឃើញថាមូលហេតុដែលនាងសម្រេចចិត្តរើសយកគ្រែស្នែងជារូបសត្វហង្ស ព្រោះតែនាងជាមនុស្សចូលចិត្តមើលខ្សែភាពយន្តបុរាណ ហើយនាងតែងឃើញតួអង្គហោះហើរជិះសត្វដែលមើលទៅប្លែកភ្នែក និង មានក្ដីស្រមៃចង់ធ្វើដូចគេដែរ៕