នារីម្នាក់កើតរោគខ្លាចជីងចក់ កំពុងបើកឡានសុខៗឃើញវាវារក្នុងឡាន ស្លន់ឈប់ភ្លាមៗដើម្បីរកអ្នកជួយ
ជារឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើល និង ចាប់អារម្មណ៍មួយ ដោយមាននារីម្នាក់កំពុងបើកឡានសុខៗ ស្រាប់តែឃើញជីងចក់ក្នុងឡាន រួចក៏កើតចិត្តខ្លាចខ្លាំងពេក ប្រញាប់ឈប់ចុះសិន រកគេមកជួយចាប់ទើបហ៊ានឡើងជិះតទៀត។
រឿងរ៉ាវមួយនេះ បានកើតនាទីក្រុងបាងកកនាប្រទេសថៃ ដែលដំបូងឡើយគេឃើញមានឡានទំនើបពណ៌មួយគ្រឿងកំពុងចតឈប់នៅក្បែរផ្លូវ។ អាជ្ញាធរខាងចរាចរណ៍ផ្លូវគោក ឃើញបែបនេះ ក៏ជួយសារ៉េឡានមកឱ្យចតកន្លែងមានសុវត្ថិភាព ព្រមទាំងសួរនាំទើបដឹងថាជានារីម្នាក់ដែលកំពុងបើកតែម្នាក់ឯង។ នាងបានឱ្យដឹងថា មានជីងចក់មួយក្បាលកំពុងរត់ចុះឡើងក្នុងឡានរបស់នាង ធ្វើឱ្យនាងខ្លាចមិនហ៊ានបើកទៅមុខតឡើយ ទើបឈប់ឡានសិនដើម្បីរកវិធីយកវាចេញ។
ចុងក្រោយ អាជ្ញាធរបាននាំគ្នាជួយចាប់ជីងចក់ចេញរួចយកវាទៅព្រលែង ធ្វើឱ្យនារីរូបនេះមើលទៅក៏ហាក់ធូរទ្រូង ហើយបានបើកឡានចេញទៅបាត់ទៅ។ យ៉ាងណាមិញ រឿងរ៉ាវមួយនេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍ច្រើនណាស់ គេមិនបានចាត់ទុករឿងនេះជារឿងធម្មតានោះទេ ព្រោះនេះប្រហែលរោគខ្លាចដែលអាចបង្កឱ្យមានការភិតភ័យខ្លាំង ឬ ដល់អាចបាត់សតិក៏ថាបាន ហើយគេក៏មិនភ្លេចនោះដែរ នូវការអរគុណដល់អាជ្ញាធរដែលបានជួយយកអាសារនាងនោះ៕