អត្តសញ្ញាណប័ណ្ណផុតកំណត់ចង់ធ្វើថ្មី គឺមិនអស់លុយទេ គ្រាន់តែកាន់ឯកសារទាំងនេះគ្រប់ហើយ
កាលពីដើមឆ្នាំ ២០២៣ កន្លងទៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្ដីអំពាវនាវ ឱ្យប្រជាជនរដ្ឋដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពប្រើប្រាស់ ទៅបំពេញបែបបទស្នើសុំប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ដោយរាជរដ្ឋាភិបាលពុំតម្រូវឱ្យមានការបង់ប្រាក់អ្វីឡើយ។
សម្រាប់ឯកសារដែលបងប្អូនប្រជាពលរដ្ឋត្រូវមានដើម្បីអាចស្នើសុំប្ដូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី គ្រាន់តែភ្ជាប់ទៅជាមួយនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាស់ដែលផុតសុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម ៩០ ថ្ងៃនោះទៅជាមួយផងជាការស្រេច (សូមថតចម្លងអត្តសញ្ញាណប័ណ្ណទាំងមុខ និង ក្រោយចំនួន ១ សន្លឹក)។
ដោយឡែកបើបងប្អូនកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាស់ដែលមានទីលំនៅតាមបណ្ដាខេត្តផ្សេងៗ ហើយចង់ស្នើសុំប្ដូរអត្តសញ្ញាណប័ណ្ណថ្មីនៅភ្នំពេញ (អាស័យដ្ឋានបច្ចុប្បន្ននៅរាជធានីភ្នំពេញ) សូមភ្ជាប់មកជាមួយនឹងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅដែលមានអាស័យដ្ឋាននៅរាជធានីភ្នំពេញ (សូមថតចម្លងទាំងមុខ និង ក្រោយចំនួន ១ សន្លឹក) និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាស់។
ចំពោះទីតាំងដែលអាចស្នើសុំប្ដូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីបាន ៖
១. នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។
២. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។
៣. ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល ២ សែនសុខ។
បើមានចម្ងល់ ឬសំណួរផ្សេងៗ សូមទាក់ទងទៅកាន់លេខ ៖ ១២៧១ / ០១៧ ៨៩៨ ៩១៥៕