មាន់គកអភិជន ម្ចាស់មើលថែឱ្យចំណីសុទ្ធតែផ្លែទុរេន ពាក់ខ្សែ-កមាសឱ្យ
មហាជនកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងមាន់គកមួយក្បាលដែលចម្លែក កើតមកគ្មានរោម ចូលចិត្តស៊ីសុទ្ធទុរេន មានអ្នកចង់ទិញឱ្យតម្លៃរហូតដល់ជាង ២ ពាន់ដុល្លារ តែម្ចាស់ស្រឡាញ់ខ្លាំងមិនខ្ចីលក់។
បុរសជាម្ចាស់ មានវ័យ ៣៥ ឆ្នាំ គឺជាជនជាតិវៀតណាម ដែលមានជំនាញចិញ្ចឹមមាន់ជល់មកជាច្រើនឆ្នាំ បានឱ្យដឹងថា កាលពីឆ្នាំ ២០២១ កន្លងទៅ ខ្លួនបានទិញមាន់ប្រភេទប៉េរូមួយក្បាលដើម្បីមកបង្កាត់ពូជ ហើយក៏បានកូនមាន់មក ៧ ក្បាល ក្នុងនោះ ៦ ក្បាលមានសុខភាពល្អមានរោមត្រឹមត្រូវ មានតែ ១ ក្បាលប៉ុណ្ណោះ ដែលកើតមកខុសគេ គឺគ្មានរោមឡើយ។
ដូច្នេះខ្លួនក៏បានចិញ្ចឹមកូនមាន់មួយក្បាលនេះ ដោយពិសេសជាងគេគឺបានដាក់វាដាច់ដោយឡែក ដេកសុទ្ធតែដាក់មុងឱ្យ បើកម៉ាស៊ីនកម្តៅឱ្យវា ២៤ ម៉ោងជារៀងរាល់ថ្ងៃ លាបល្មៀតឱ្យទៀត ដើម្បីការពារសត្វល្អិតកុំឱ្យខាំ។ បច្ចុប្បន្ននេះមាន់មួយក្បាលនេះធំធាត់មកយ៉ាងមានសុខភាពល្អរឹងមាំ តែនៅតែមិនដុះរោមដដែល ហើយអ្វីកាន់តែប្លែកនោះ គឺវាចូលចិត្តស៊ីតែផ្លែឈើ ដែលមានដូចជាទុរេន ឬ ល្ហុង ជាដើម ព្រមទាំងស៊ីមួយថ្ងៃ ៣ ដង ដូចជាមនុស្សផងដែរ។
ឯម្ចាស់ក៏កាន់តែស្រឡាញ់ថែមទៀត ៣ ទៅ ៥ ថ្ងៃក៏ងូតទឹកឱ្យវាម្តង ពោលគឺស្រឡាញ់មើលថែវាឱ្យពាក់ឋ្សែ-កមាសដូចជាសមាជិកក្នុងគ្រួសារ។ លើសពីនេះទៅទៀត មាន់មួយក្បាលនេះក៏មានអ្នកចង់បាន ដែលហ៊ានឱ្យតម្លៃរហូតទៅដល់ជាង ២ ពាន់ដុល្លារឯណោះ តែម្ចាស់បដិសេធមិនព្រមលក់ឡើយ ព្រោះស្រឡាញ់វាខ្លាំងដូចជាសមាជិកគ្រួសារទៅហើយ៕